ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកការវាយប្រហារលើតំបន់ហ្គាហ្សា ជាការឆ្លើយតបនឹងការវាយប្រហារដោយរ៉ុក្កែត ពីក្រុមសកម្មន្រយុទ្ធ

យេរ៉ូសាឡឹម៖ សាក្សីប៉ាឡេស្ទីនបានឲ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែល នៅថ្ងៃអាទិត្យនេះបានធ្វើការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ទៅលើទីតាំង ដែលជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សាស្ទ្រីបជាការឆ្លើយតបទៅនឹងគ្រាប់រ៉ុក្កែត ដែលត្រូវបានបាញ់ចេញពីតំបន់ឆ្នេរ។

សាក្សីបានប្រាប់កាសែតស៊ិនហួ ថា យន្តហោះដ្រូន និងយន្តហោះចម្បាំងរបស់កងទ័ពអ៊ីស្រាអែល ត្រូវបានគេឮនៅលើអាកាស ហើយការផ្ទុះជាច្រើនត្រូវបានគេឮនៅភាគខាងលិចនៃទីក្រុង Gaza Strip ភាគខាងត្បូងនៃតំបន់ Khan Younis និង Rafah ។

ប្រភពវេជ្ជសាស្ត្រប៉ាឡេស្ទីនបានឲ្យដឹងថា គ្មានការរងរបួសណាមួយត្រូវបានរាយការណ៍នោះទេក្នុងអំឡុងពេលនៃការវាយប្រហារដែលផ្តោតសំខាន់ទៅលើចលនាតស៊ូអ៊ីស្លាម (ហាម៉ាស) និងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន (PIJ)។

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បានឲ្យដឹងថា ការវាយប្រហារតាមអាកាស គឺជាការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះការបាញ់គ្រាប់រ៉ុក្កែត ៣គ្រាប់មុននេះ នៅឯភាគខាងត្បូងអ៊ីស្រាអែល។ គ្មាន​ក្រុម​ណា​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​នោះ​ទេ។

ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ឆ្នេរដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ក៏បានបាញ់រ៉ុក្កែត យ៉ាងតិចចំនួន ៥គ្រាប់ទៅកាន់សហគមន៍អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសដែលនៅជិតព្រំដែនជាមួយតំបន់ហ្គាហ្សាស្ទ្រីបក្នុងអំឡុងពេលនៃការវាយប្រហារតាមអាកាស ប្រភពជិតស្និទ្ធនឹងសន្តិសុខរបស់ហាម៉ាស់ បានប្រាប់ស៊ីនហួដោយបន្ថែមថា កាំជ្រួចប្រឆាំងយន្ដហោះត្រូវបានបាញ់ទៅលើយន្តហោះចម្បាំងអ៊ីស្រាអែល៕

ប្រែសម្រួល ឈូក បូរ៉ា

To Top