ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ទទួលបានជំនួយ ១,៥ពាន់លានដុល្លារពីអាមេរិក បន្ថែមទៀត

គៀវ៖ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនបានឲ្យដឹងនៅលើ Facebook ថាអ៊ុយក្រែន បានទទួលជំនួយចំនួន ១,៥ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ដែលគៀងគរដោយធនាគារពិភពលោក។

ក្រសួងបានឲ្យដឹងថា ការផ្តល់មូលនិធិនេះ គឺជាជំនួយដំបូងនៃការផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែមដែលមានតម្លៃ ៤,៥ពាន់លានដុល្លារ ដែលផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដល់អ៊ុយក្រែន ក្រោមការចំណាយសាធារណៈរបស់ធនាគារពិភពលោកសម្រាប់គម្រោងការស៊ូទ្រាំសមត្ថភាពរដ្ឋបាលនៅអ៊ុយក្រែន។

ហិរញ្ញប្បទាននេះនឹងត្រូវប្រើប្រាស់សម្រាប់ការទូទាត់ប្រាក់សោធននិវត្តន៍ សម្រាប់មនុស្សចាស់ ជំនួយសង្គម គ្របដណ្តប់លើការចំណាយលើសេវាវេជ្ជសាស្រ្ត និងការទូទាត់ផ្សេងៗទៀត។

យោងតាមគេហទំព័ររបស់ធនាគារបានឱ្យដឹងថា ធនាគារពិភពលោកបានប្រមូលថវិកាសង្គ្រោះបន្ទាន់ចំនួនជិត ១៧,៨ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន ចំពេលមានផលប៉ះពាល់សេដ្ឋកិច្ចនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top