បរទេស ៖ ទាហានមកពីប្រទេសរុស្ស៊ី និងបេឡារុស្សកំពុងហ្វឹកហាត់ ដើម្បីប្រយុទ្ធជាកម្លាំង បង្រួបបង្រួមមួយ ប្រធានាធិបតី បេឡារុស្សគឺ Alexander Lukashenko បាននិយាយចំពេលមានភាព តានតឹងកាន់តែខ្លាំង ជាមួយលោកខាងលិច ជុំវិញជម្លោះអ៊ុយក្រែន ។ លោកបានធ្វើអត្ថាធិប្បាយ បែបនេះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu ទៅកាន់ទីក្រុង Minsk កាលពីថ្ងៃសៅរ៍ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក Lukashenko ថា “ថ្ងៃនេះ យើងកំពុងរៀបចំ ដូចជាកងកម្លាំងតែមួយ កងទ័ពតែមួយ” ដោយបន្ថែមថា គ្រូបង្ហាត់មកពីប្រទេសទាំងពីរកំពុង ហ្វឹកហាត់កងទ័ពរបស់គ្នាទៅវិញទៅមក។ “អ្នករាល់គ្នាដឹងរឿងនេះ ។ យើងមិនបានលាក់បាំង ការពិតនេះទេ ។ វាមិនអាចទៅរួចទេ ក្នុងការលាក់រឿងនេះ នៅក្នុងពិភពទំនើប។
លោក Lukashenko បានទទូចថាទាំងទីក្រុង Minsk និងទីក្រុងមូស្គូ “មិនចង់បាននិងមិនចង់ធ្វើសង្រ្គាមនោះទេ” ប៉ុន្តែយើងកំពុងធ្វើការជាមួយគ្នាដើម្បីអាច “ទប់ទល់នឹងការ ឈ្លានពានណាមួយ” ។
ទន្ទឹមនឹងនោះរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Shoigu បានហៅប្រទេសបេឡារុស្សថាជា “ដៃគូដ៏គួរឱ្យទុកចិត្ត” សម្រាប់ប្រទេសរុស្ស៊ី ក្នុងអំឡុងកិច្ចប្រជុំ ជាមួយសមភាគីបេឡារុស្ស លោក Viktor Khrenin ៕
ប្រែសម្រួលៈ ណៃ តុលា