ម៉ូស្គូ៖ មន្ត្រីជាន់ខ្ពស់មួយរូបបាននិឲ្យដឹងថា ប្រទេសរុស្ស៊ី មិនរាប់បញ្ចូលលទ្ធភាពនៃ ការកាត់បន្ថយផលិតកម្មប្រេង របស់ខ្លួនក្នុងកម្រិតមធ្យមនោះទេ ដោយសារ “ស្ថានភាពមិនច្បាស់លាស់” ដែលបណ្តាលមកពីការសម្រេចចិត្ត របស់សហភាពអឺរ៉ុប និងក្រុមប្រទេសទាំង៧ (G7) ដើម្បីកាត់បន្ថយតម្លៃប្រេងឆៅរបស់រុស្ស៊ី។
ឧបនាយករដ្ឋមន្ត្រីលោក Alexander Novak បានលើកឡើងថា “ប្រេងរុស្ស៊ីកំពុងមានតម្រូវការ នៅលើទីផ្សារពិភពលោក ហើយនឹងស្វែងរកអ្នកទិញបាទ យន្តការដឹកជញ្ជូន និងខ្សែសង្វាក់នឹងផ្លាស់ប្តូរឥឡូវនេះ។ យ៉ាងណាក៏ដោយ យើងមិនឃើញមានសោកនាដកម្ម ណាមួយនៅទីនេះទេ” នេះបើតាមការបញ្ជាក់ របស់ក្រសួងថាមពល។
លោក Novak បានព្រមានថា ទីក្រុងម៉ូស្គូ មិនទទួលយកការកំណត់តម្លៃ ដែលដាក់ក្នុងវិធីសិប្បនិម្មិត និងមិនមែនទីផ្សារ ដែលអាចនាំឱ្យមានការធ្លាក់ចុះ នៃការវិនិយោគជាសាកល កង្វះការផ្គត់ផ្គង់ប្រេង និងទីបំផុតតម្លៃកើនឡើងកាន់តែច្រើន។
លោកបានបន្ដថា “បរិយាកាសកាន់តែមានការប្រកួតប្រជែង ប៉ុន្តែយើងនឹងបន្តលក់ប្រេង ដោយប្រើយន្តការធានារ៉ាប់រងថ្មី វិធីថ្មីនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន និងមធ្យោបាយដឹកជញ្ជូនថ្មី”។
ប្រទេសជាសមាជិកសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុនលើតម្លៃ ៦០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល លើតម្លៃប្រេងឆៅពីសមុទ្ររុស្ស៊ី។ ការធានារ៉ាប់រង ហិរញ្ញវត្ថុ និងសេវាកម្មផ្សេងទៀត សម្រាប់ការដឹកជញ្ជូនប្រេង របស់រុស្ស៊ីនឹងត្រូវហាមឃាត់ ប្រសិនបើប្រេងឥន្ធនៈលក់ ក្នុងតម្លៃខ្ពស់ជាងការកំណត់ ៕
ប្រែសម្រួល ឈូក បូរ៉ា