ញូវយ៉ក៖ តម្លៃប្រេងពិភពលោកបានធ្លាក់ចុះក្រោម $80 ក្នុងមួយបារ៉ែល ជាលើកដំបូងចាប់តាំងពីខែមករា ដោយសារការភ័យខ្លាច ជាបន្តបន្ទាប់នៃការធ្លាក់ចុះ សេដ្ឋកិច្ច និងការកើនឡើងអត្រា ការប្រាក់ ដោយធនាគារកណ្តាល ទូទាំងពិភពលោក។
ប្រេងឆៅប្រភេទ Brent ដែលជាគោលសម្រាប់ពីរភាគបី នៃប្រេងរបស់ពិភពលោក ត្រូវបានជួញដូរធ្លាក់ចុះ ០,១៩ភាគរយនៅ ៧៩,២០ដុល្លារ ក្នុងមួយបារ៉ែល ខណៈ West Texas Intermediate ដែលជារង្វាស់ដែលតាមដានប្រេងឆៅរបស់អាមេរិកបានធ្លាក់ចុះ ០,៣០ ភាគរយនៅត្រឹម ៧៤,០ឯ ដុល្លារក្នុងមួយបារ៉ែល។
ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៤ ភាគរយនៅចុងបញ្ចប់នៃការជួញដូរកាលពីថ្ងៃអង្គារខណៈពេលដែល WTI បានបញ្ចប់ថ្ងៃទាបជាង ៣,៥ ភាគរយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។
លោក Edward Moya អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅ Oanda បានឲ្យដឹងថា “តម្លៃប្រេងឆៅបានធ្លាក់ចុះដោយសារតែការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ចបានគ្របដណ្ដប់លើតម្លៃទីផ្សារ ហើយនៅពេលដែលទីផ្សារប្រេងបានបាត់បង់ភាពតឹងតែងរបស់វា” ។
លោកបន្ដថា “វាហាក់ដូចជាបានកើតឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែទស្សនវិស័យនៃតម្រូវការប្រេងឆៅកំពុងធ្លាក់ចុះ ខណៈដែលយើងកំពុងស្ថិតក្នុងការធ្លាក់ចុះជាមូលដ្ឋាននៅទូទាំងសេដ្ឋកិច្ចសំខាន់ៗទាំងអស់។ ការផ្គត់ផ្គង់ហាក់ដូចជាមានច្រើនក្នុងរយៈពេលដ៏ខ្លីខាងមុខ ហើយដែលធ្វើឱ្យអ្នករាល់គ្នាស្ទាក់ស្ទើរលើអ្វីដែលជាការជួញដូរដ៏ងាយស្រួលបំផុតប្រចាំឆ្នាំ”។
ប្រេងឆៅប្រភេទ Brent បានកើនឡើងច្រើនជាង ៣ភាគរយ ក្នុងការជួញដូរកាលពីថ្ងៃចន្ទ បន្ទាប់ពីសម្ព័ន្ធក្រុមហ៊ុន Opec+ នៃអ្នកផលិតចំនួន ៗ៣ នាក់បានសម្រេចចិត្តបន្តគោលនយោបាយទិន្នផលប្រេងរបស់ខ្លួន ហើយការដាក់ទណ្ឌកម្មអឺរ៉ុបលើប្រេងឆៅរុស្ស៊ី ចូលជាធរមាននៅថ្ងៃតែមួយ៕
ប្រែសម្រួល ឈូក បូរ៉ា