ព័ត៌មានអន្តរជាតិ

ធនាគារកណ្តាលឡាវ នឹងអនុវត្តវិធានការ ដែលមានស្រាប់ សម្រាប់ដោះស្រាយបញ្ហា ហិរញ្ញវត្ថុ

វៀងច័ន្ទ៖ ធនាគារកណ្តាលឡាវ ធនាគារនៃសាធារណរដ្ឋប្រជាមានិតឡាវ (BOL) នឹងបន្តអនុវត្តវិធានការ និងបទប្បញ្ញត្តិ ដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ប៊ុន លាវ ស៊ិនស៊ីវរ៉ាវង្ស ទេសាភិបាល បានប្រាប់សមាជិករដ្ឋសភាថា ការប្រែប្រួលសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក គឺជាកត្តាសំខាន់សម្រាប់ភាពចលាចលសេដ្ឋកិច្ចក្នុងស្រុក ប៉ុន្តែធនាគារកណ្តាលផ្តោតលើការអនុវត្តផែនការដើមដែលត្រូវបានអនុម័តដោយរដ្ឋសភា។

ទូរទស្សន៍ជាតិឡាវកាលពីថ្ងៃពុធ បានដកស្រង់សម្តីលោក ប៊ុន លាវ ​​ថា “យើងត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុ ហើយខិតខំបន្ថែមទៀត ដើម្បីការពារវិបត្តិណាមួយសម្រាប់ប្រទេសរបស់យើង តាមរយៈការគ្រប់គ្រងចំណូល និងចំណាយឱ្យកាន់តែប្រសើរឡើង” ។

លោក ប៊ុន លាវ ​​បានលើកឡើងថា ធនាគារកណ្តាលកំពុងធ្វើការ ដើម្បីលើកកម្ពស់គម្រោងកសិកម្ម និងគំនិតផ្តួចផ្តើមសំខាន់ៗផ្សេងទៀតសម្រាប់ពាណិជ្ជកម្មស្បៀងអាហារ។

លោកបានបម្ដថា “លើសពីនេះការគ្រប់គ្រងរូបិយប័ណ្ណបរទេសក្នុងវិស័យវិនិយោគ និងប្រភពលំហូរចូលផ្សេងទៀតគួរតែត្រូវបាននាំយកទៅក្នុងប្រព័ន្ធគ្រប់គ្រងដើម្បីធានាបាននូវបរិមាណត្រឹមត្រូវនៃរូបិយប័ណ្ណបរទេស”។

លោកបន្ថែមថា “សំខាន់បំផុត ធនាគារកណ្តាលនឹងបន្តស្វែងរកមធ្យោបាយជំរុញកំណើនសេដ្ឋកិច្ច និងស្ថិរភាពអត្រាប្តូរប្រាក់ និងអតិផរណា រួមជាមួយនឹងការកសាងសមត្ថភាព សម្រាប់ស្ថាប័នហិរញ្ញវត្ថុ និងទុនបម្រុងបរទេសរបស់ប្រទេសជាតិ”៕ប្រែសម្រួល ឈូក បូរ៉ា

To Top