ព័ត៌មានអន្តរជាតិ

លោក ពូទីន កំពុងរៀបចំ ជនជាតិរុស្ស៊ី សម្រាប់ សង្គ្រាមអូសបន្លាយ នៅអ៊ុយក្រែន

គៀវ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងរៀបចំប្រទេសរបស់លោក ដើម្បីទទួលយកថា សង្រ្គាមនៅអ៊ុយក្រែន នឹងកាន់តែ “ខ្ទេចខ្ទាំ” និង “អូសបន្លាយ” នេះបើយោងតាមវិទ្យាស្ថានសម្រាប់ការសិក្សាសង្រ្គាម (ISW)។

យោងតាមរបាយការណ៍របស់ ISW ចេញផ្សាយកាលពីយប់ថ្ងៃពុធ បានឲ្យដឹងថា លោក ពូទីន កំពុងកំណត់លក្ខខណ្ឌ សម្រាប់សង្រ្គាមដ៏រ៉ាំរ៉ៃមួយក្នុងប្រទេសអ៊ុយក្រែន។ ប្រធានាធិបតី​រុស្ស៊ី​រូបនេះ បាន​និយាយ​សំដៅ​ទៅ​លើ​ប្រវត្តិសាស្ត្រ​ចក្រពត្តិ​របស់​ប្រទេស​លោក ខណៈ​ដែល​លោក​បាន​ប្រៀបធៀប​ខ្លួន​លោក​ទៅ​នឹង​ស្តេច​រុស្ស៊ី Tsar Peter the Great ក្នុង​អំឡុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ពុធ​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ប្រធានាធិបតី​របស់​លោក សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ស៊ីវិល និង​សិទ្ធិមនុស្ស។

របាយការណ៍របស់ ISW បានឲ្យដឹងថា “លោកពូទីនបានកត់សម្គាល់ថា “ប្រតិបត្តិការពិសេស” នៅអ៊ុយក្រែនអាចជា ‘ដំណើរការដ៏វែងឆ្ងាយ’ ហើយថាការទទួលបានទឹកដីថ្មី គឺជាលទ្ធផលដ៏សំខាន់នៃដំណើរការនេះសម្រាប់ប្រទេសរុស្ស៊ី” ។

លោកបន្ដថា “ការអំពាវនាវនៃប្រវត្តិសាស្រ្តចក្រពត្តិរុស្ស៊ីនេះ កំណត់យ៉ាងច្បាស់នូវគោលដៅបច្ចុប្បន្នរបស់ពូទីននៅអ៊ុយក្រែនថា ជាចក្រពត្តិនិយមជ្រុល និងនៅតែជាអតិបរិមា” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

ប្រភពបានឲ្យដឹងថា “លោកពូទីន កំពុងធ្វើឱ្យទស្សនិកជនក្នុងស្រុករុស្ស៊ីរំពឹងថា នឹងមានសង្រ្គាមអូសបន្លាយ និងនៅអ៊ុយក្រែន ដែលបន្តស្វែងរកការដណ្តើមយកទឹកដីអ៊ុយក្រែនបន្ថែម។ លក្ខខណ្ឌនៃព័ត៌មាននេះ គឺមិនស៊ីគ្នានឹងការពិភាក្សាណាមួយទាក់ទងនឹងបទឈប់បាញ់ ឬការចរចា” នោះទេ។

អ្នកសរសេរប្លុកយោធារុស្ស៊ីបានឆ្លើយតបជាវិជ្ជមាន ចំពោះការកត់សម្គាល់របស់លោក ពូទីន ហើយបានរំពឹងថា ភាពជោគជ័យនៅក្នុងសង្គ្រាមអាចចំណាយពេល “ច្រើនឆ្នាំ” នេះបើយោងតាម ​​ISW ។

របាយការណ៍នេះបង្ហាញថា លោកពូទីន នឹងនៅតែមិនមានឆន្ទៈក្នុងការចរចា ដើម្បីបញ្ចប់សង្រ្គាម រហូតដល់សម្រេចបាននូវគោលបំណងចុងក្រោយរបស់លោក ក្នុងការទទួលបានការគ្រប់គ្រងលើទឹកដីដែលស្រដៀងនឹងចក្រភពរុស្ស៊ីក្នុងឆ្នាំ១៧២១-១៩១៧៕

ប្រែសម្រួល ឈូក បូរ៉ា

To Top