រីយ៉ាដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ថា លោក ហ្ស៊ី ជីនពីង ប្រធានាធិបតីចិន បានមកដល់ទីនេះកាលពីរសៀលថ្ងៃពុធ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរដ្ឋចិន-អារ៉ាប់ និងកិច្ចប្រជុំកំពូលក្រុមប្រឹក្សា សហប្រតិបត្តិការ ចិន-ឈូងសមុទ្រ ហៅកាត់ (GCC) និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត តាមការអញ្ជើញរបស់ស្តេច Salman bin Abdulaziz Al Saud នៃប្រទេសអារ៉ាប៊ីសាអូឌីត ។
យន្តហោះរបស់លោក ហ្ស៊ី ត្រូវបានអមដំណើរ ដោយយន្តហោះចម្បាំង ចំនួន៤គ្រឿង ពីកងទ័ពអាកាស Royal Saudi Air Force បន្ទាប់ពីយន្តហោះ នេះបានចូលទៅក្នុងដែនអាកាស របស់ប្រទេសអារ៉ាប៊ីសាអូឌីត និងដោយយន្តហោះ Saudi Hawk ចំនួន៦គ្រឿងមកពីក្រុម Royal Aerobatic បន្ទាប់ពីយន្តហោះ បានចូលទៅក្នុងដែនអាកាសរបស់ក្រុង Riyadh ។
លោក ហ្ស៊ី បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ នៅពេលដែលយន្តហោះ បានមកដល់អាកាសយានដ្ឋាន អន្តរជាតិ King Khalid ក្នុងទីក្រុង Riyadh។ ក្រុមបាញ់កាំភ្លើងចំនួន២១ដើម គោរពការមកដល់ ។ យន្តហោះអារ៉ាប៊ីសាអូឌីត Hawks បានហោះលើផ្ទៃមេឃដែលលាបពណ៌ក្រហម និងលឿង ដែលជាពណ៌ទង់ជាតិរបស់ប្រទេសចិន ។
ឆ្មាំកិត្តិយសបានបិទកម្រាលព្រំពណ៌ស្វាយ ។ ទង់ជាតិចិន និងអារ៉ាប៊ីសាអូឌីត បានបក់បោកតាមខ្យល់ ។ ប្រធានាធិបតីចិនត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីអភិបាលខេត្ត Riyadh ព្រះអង្គម្ចាស់ Faisal bin Bandar Al Saud រដ្ឋមន្ត្រីការបរទេសព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្ត្រី Yasir Al-Rumayyan ដែលធ្វើការលើកិច្ចការប្រទេសចិន និងសមាជិកសំខាន់ៗដទៃទៀតនៃគ្រួសាររាជវង្ស និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល ។
លោក ហ្ស៊ី បានចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ ដែលក្នុងនោះលោកបានស្វាគមន៍យ៉ាងកក់ក្តៅ និងជូនពរដល់រដ្ឋាភិបាល និងប្រជាជនអារ៉ាប៊ីសាអូឌីត ក្នុងនាមរដ្ឋាភិបាល និងប្រជាជនចិន ។
លោក ហ្ស៊ី បានកត់សម្គាល់ថា ការជឿទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្ររវាងចិន និងអារ៉ាប៊ីសាអូឌីត ត្រូវបានពង្រឹង ហើយកិច្ចសហប្រតិបត្តិការជាក់ស្តែងទ្វេភាគីក្នុងវិស័យផ្សេងៗ បានផ្តល់លទ្ធផលជាផ្លែផ្កា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតកាលពី៣២ឆ្នាំមុន ៕
ដោយ៖ ម៉ៅ បុប្ផាមក