ប៉េកាំង៖ អ្នកនាំពាក្យរដ្ឋាភិបាលចិន បានសម្តែងការប្រឆាំង យ៉ាងម៉ឺងម៉ាត់របស់ប្រទេសនេះ ចំពោះផែនការលក់អាវុធ របស់សហរដ្ឋអាមេរិក ទៅកាន់តំបន់តៃវ៉ាន់ របស់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកស្តី Zhu Fenglian អ្នកនាំពាក្យការិយាល័យ កិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានធ្វើការ កត់សម្គាល់នៅពេលត្រូវបាន សួរអំពីផែនការថ្មីៗរបស់សហរដ្ឋអាមេរិក ទាំងពីរក្នុងការលក់អាវុធទៅឱ្យកោះតៃវ៉ាន់។
ការលក់អាវុធរបស់អាមេរិក ដែលបានគ្រោងទុកនោះបានរំលោភ យ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំង៣ លោកស្រី Zhu បានលើកឡើងថា ចលនានេះតំណាងឱ្យការបញ្ចុះបញ្ចូល និងគាំទ្រកងកម្លាំង “ឯករាជ្យតៃវ៉ាន់” ក៏ដូចជាការបំផ្លាញសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
លោកស្រី Zhu បានជំរុញឱ្យភាគីសហរដ្ឋអាមេរិក គោរពយ៉ាងម៉ឺងម៉ាត់នូវ គោលការណ៍ចិនតែមួយ បញ្ឈប់ជាបន្ទាន់នូវការលក់អាវុធ និងទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ ហើយបំពេញការប្តេជ្ញាចិត្ត នយោបាយរបស់ខ្លួនលើការមិនគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់” ។
នៅក្នុងនោះដែរ លោកស្រីក៏បានព្រមានអាជ្ញាធរ គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ នៅកោះតៃវ៉ាន់ថា “ឯករាជ្យភាពតៃវ៉ាន់” នឹងឈានទៅដល់ទីបញ្ចប់ ៕
ប្រែសម្រួល ឈូក បូរ៉ា