តូក្យូ៖ ជប៉ុន អង់គ្លេស និងអ៊ីតាលី បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ពួកគេនឹងរួមគ្នាបង្កើតយន្តហោះចម្បាំង ជំនាន់ក្រោយនៅឆ្នាំ២០៣៥ នៅក្នុងកិច្ចសហប្រតិបត្តិការការពារជាតិ ជាលើកដំបូងរបស់ទីក្រុងតូក្យូជាមួយ ប្រទេសផ្សេងក្រៅពីសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់ ខណៈដែលស្ថានភាពភូមិសាស្ត្រនយោបាយ ពិភពលោកកាន់តែមិនស្ថិតស្ថេរ។
មេដឹកនាំប្រទេសទាំង៣ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមថា យើងនឹង “កសាងទំនាក់ទំនងការពារជាតិដ៏យូរអង្វែងរបស់យើង” តាមរយៈកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំង ដែលនឹង “បង្កើនល្បឿនសមត្ថភាពយោធាកម្រិតខ្ពស់របស់យើង និងអត្ថប្រយោជន៍បច្ចេកវិទ្យា” ក៏ដូចជាពង្រឹងបន្ថែមទៀតនូវ ខ្សែសង្វាក់ផ្គត់ផ្គង់របស់យើង និង មូលដ្ឋានឧស្សាហកម្មការពារជាតិ។
យោងតាមក្រសួងការពារជាតិជប៉ុន បានឱ្យដឹងថា ក្រុមហ៊ុន Mitsubishi Heavy Industries Ltd. របស់ប្រទេសជប៉ុន ក្រុមហ៊ុន BAE Systems plc របស់ចក្រភពអង់គ្លេស និងក្រុមហ៊ុន Leonardo S.p.A. របស់ប្រទេសអ៊ីតាលី នឹងក្លាយជាក្រុមហ៊ុន ដែលទទួលខុសត្រូវចម្បងសម្រាប់ការអភិវឌ្ឍន៍ នេះបើយោងតាមក្រសួងការពារជាតិជប៉ុន។
នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Yasukazu Hamada បានឲ្យដឹងថា “ខ្ញុំសង្ឃឹមថាកិច្ចសហប្រតិបត្តិការ របស់យើងនៅពេលនេះនឹងក្លាយជា មូលដ្ឋានគ្រឹះនៃសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងអឺរ៉ុប”។
លោក Hamada បានបន្ថែមថា មុននឹងឈានដល់កិច្ចព្រមព្រៀង ប្រទេសទាំងបី “បានពិភាក្សាគ្នាក្រោមគោលនយោបាយ ដែលជប៉ុននឹងដឹកនាំការអភិវឌ្ឍន៍” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ជប៉ុន គ្រោងនឹងដាក់ពង្រាយ យន្តហោះចម្បាំងថ្មីចំនួន ១០០ គ្រឿងក្នុងឆ្នាំ២០៣៥ ដើម្បីបន្តការប្រយុទ្ធ F-2 ចាស់របស់ខ្លួននៃកងកម្លាំងស្វ័យការពារ ដែនអាកាសដែលនឹងចាប់ផ្តើម ចូលនិវត្តន៍ក្នុងឆ្នាំដដែល នេះបើយោងតាមមន្ត្រី ៕
ប្រែសម្រួល ឈូក បូរ៉ា