ព័ត៌មានអន្តរជាតិ

អាមេរិក បន្តដាក់ទណ្ឌកម្មទៅលើ ប្រទេសរុស្ស៊ីលើបញ្ហា ប្រើប្រាស់ដ្រូនរបស់អ៊ីរ៉ង់

បរទេស៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឈានទៅដល់ការប្រកាសបន្ត ដាក់ទណ្ឌកម្មថ្មីចំនួន ៣ទៀត ទៅលើក្រុមហ៊ុនរបស់ប្រទេសរុស្សី ពាក់ព័ន្ធទៅនឹងបញ្ហាបញ្ជាទិញ ដ្រូនរបស់ប្រទេសអ៊ីរ៉ង់ ដើម្បីធ្វើការវាយប្រហារដោយ យោធាទៅលើប្រទេសអ៊ុយក្រែន។

នៅក្នុងអំឡុងពេលនៃ ការផ្តល់បទសំភាសប្រចាំថ្ងៃ នៅឯសេតវិមានអ្នកនាំពាក្យ របស់ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby បាននិយាយថាទណ្ឌកម្មថ្មីទាំងនេះនឹងត្រូវ ធ្វើឡើងប្រឆាំងទៅនឹងបណ្តាក្រុមហ៊ុន របស់រុស្សីដែលឈរឈ្មោះ និងតំណាងឲ្យកិច្ចព្រមព្រៀងទិញលក់ និងប្រើប្រាស់យន្តហោះដ្រូន ប្រយុទ្ធរបស់អ៊ីរ៉ង់។

គួរឲ្យដឹងដែរថារដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន បានធ្វើការអះអាងដដែលថា រដ្ឋាភិបាលទីក្រុងមូស្គូបានធ្វើការ បញ្ជាទិញយន្តហោះដ្រូនរបស់អ៊ីរ៉ង់ ជាច្រើនព្រមទាំងអាវុធមួយចំនួន ផងដែលវាគឺជា សកម្មភាពប្រឆាំងទៅនឹងទណ្ឌកម្ម ដែលរដ្ឋាភិបាលទីក្រុងតេហរ៉ង់កំពុងទទួល។

ទោះបីជាយ៉ាងណាក្តីទាំង រដ្ឋាភិបាលទីក្រុងតេហរ៉ង់ និងរដ្ឋាភិបាលទីក្រុងមូស្គូ គឺបាននាំគ្នាចេញមកធ្វើការអះអាង បដិសេធជាប់រហូតមកចំពោះការ ចោទប្រកាន់ទាំងនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top