ព័ត៌មានអន្តរជាតិ

ប្រធានណាតូថា ការប្រឈមមុខដាក់គ្នា ដោយផ្ទាល់រវាងរុស្ស៊ី និងលោកខាងលិច នៅអឺរ៉ុប អាចកើតឡើង

បរទេស៖ អគ្គលេខាធិការនៃសម្ព័ន្ធមិត្តយោធាណាតូ លោក Jens Stoltenberg បាននិយាយថា ជម្លោះអ៊ុយក្រែនអាចផ្ទុះឡើង ជាសង្គ្រាមពេញលេញរវាងរុស្ស៊ី និងណាតូ។ លោក​ក៏​បាន​អះអាង​ដែរ​ថា អង្គការ​ណាតូ​បាន​ផ្តោត​លើ​ ការ​បញ្ចៀស​ជម្លោះជា​សាកល​ថ្មី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Stoltenberg បានប្រាប់ទូរទស្សន៍ន័រវេស NRK កាលពីថ្ងៃសុក្រថា “ខ្ញុំបារម្ភថា សង្រ្គាមនៅអ៊ុយក្រែន នឹងវិលចេញពីការគ្រប់គ្រង ហើយក្លាយជាសង្រ្គាមដ៏ធំមួយ រវាងណាតូ និងរុស្ស៊ី” ។ លោក​បាន​បន្ថែម​ថា​ «​ប្រសិន​បើ​មាន​អ្វី​ខុស​ឆ្គង នោះ​ពួកគេ​អាច​ខុស​យ៉ាង​ធ្ងន់ធ្ងរ​»។ “ភារកិច្ចសំខាន់បំផុតរបស់អង្គការណាតូ គឺការពារសង្រ្គាមពេញលក្ខណៈនៅអឺរ៉ុប ហើយនោះជាអ្វី ដែលយើងធ្វើការជារៀងរាល់ថ្ងៃ”។

យ៉ាងណាក៏ដោយ ប្រធានប្លុកដែលដឹកនាំ ដោយសហរដ្ឋអាមេរិករូបនេះ បានព្រមានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា អង្គការណាតូនឹងការពារ សមាជិករបស់ខ្លួន។ យោងតាមមាត្រា ៥ នៃសន្ធិសញ្ញាបង្កើតរបស់ខ្លួន ការវាយប្រហារ ប្រដាប់អាវុធលើរដ្ឋសមាជិកមួយ “នឹងត្រូវចាត់ទុកថាជាការវាយប្រហារ ប្រឆាំងនឹងពួកគេទាំងអស់គ្នា”។ លោក Stoltenberg បាននិយាយថា លោក ពូទីន «ដឹងថា មួយគឺសម្រាប់ទាំងអស់គ្នា និងទាំងអស់គ្នាសម្រាប់តែមួយ»។

បន្ទាប់ពីរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន កាលពីចុងខែកុម្ភៈ អង្គការណាតូបានពង្រាយទាហាន ៤០ ០០០ នាក់ ទៅកាន់ផ្នែកខាងកើតរបស់ខ្លួន ពោលគឺជិតដប់ដងច្រើនជាងឆ្នាំមុន។ ជាមួយគ្នានេះដែរ ទីក្រុងមូស្គូបានចាត់ទុកទីតាំងយោធារបស់ណាតូ ដែលនៅជិតព្រំដែនរបស់ខ្លួនថាជាការគំរាមកំហែងសន្តិសុខជាតិ ហើយបានព្រមានថា ការបញ្ជូនអាវុធធុនធ្ងន់ពីលោកខាងលិច ទៅកាន់ទីក្រុងគៀវ ប្រថុយនឹងការប្រឈមមុខដាក់គ្នា ដោយផ្ទាល់រវាងរុស្ស៊ី និងណាតូ៕ សម្រួលៈ ណៃ តុលា

To Top