ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ប្រើមីស៊ីល HIMARS របស់អាមេរិក ៦គ្រាប់ វាយប្រហារទីក្រុង Melitopol របស់រុស្ស៊ី

បរទេស៖ យោងតាមអភិបាលស្តីទីនៃតំបន់ Zaporozhye ដែលទើបដាក់បញ្ចូលថ្មីរបស់រុស្ស៊ី លោក Evgeny Balitsky បាននិយាយថា កងកម្លាំងអ៊ុយក្រែន បានបាញ់រ៉ុក្កែតឆ្ពោះទៅទីក្រុង Melitopol កាលពីយប់ថ្ងៃសៅរ៍ ដោយបានវាយប្រហារ ទៅលើសណ្ឋាគារ និងភោជនីយដ្ឋានមួយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា មានទីតាំងនៅជិតសមុទ្រ Azov ទីក្រុង Melitopol មានប្រជាជនជិត ១៤៩ ០០០ នាក់មុនពេលមានជម្លោះ។

ការវាយប្រហារដោយមីស៊ីលនេះបានកើតឡើងនៅម៉ោងប្រហែល ៩ យប់ម៉ោងក្នុងស្រុក ហើយត្រូវបានគេសន្មត់ថា ត្រូវបានអនុវត្តដោយប្រើប្រព័ន្ធ M142 High Mobility Artillery Rocket System (HIMARS) ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។ លោក Balitsky បាននិយាយនៅក្នុងសារ Telegram ថា គ្រាប់មីស៊ីលចំនួនពីរ ត្រូវបានគេរាយការណ៍ថា ស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស ប៉ុន្តែកាំជ្រួចចំនួន ៦គ្រាប់ទៀត បានវាយប្រហារផ្ទះមួយកន្លែង នៅជាយក្រុង និង “បំផ្លាញចោលទាំងស្រុង” បាញ់ចំមជ្ឈមណ្ឌលកម្សាន្តតូចមួយ ដោយបានសម្លាប់មនុស្ស និងរបួសអ្នកបម្រើ និងបុគ្គលិកនៅទីនោះផងដែរ។

មន្ត្រីរូបនេះបានបន្ថែមថា មនុស្ស២នាក់បានស្លាប់ នៅនឹងកន្លែង ខណៈ១០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ យ៉ាងហោចណាស់ជនរងគ្រោះបីនាក់ ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយក្រុមគ្រូពេទ្យ កំពុងព្យាយាមជួយសង្គ្រោះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top