ព័ត៌មានអន្តរជាតិ

បទវិភាគ៖ អាមេរិក និយាយបានតែមាត់ថា នឹងផ្តាច់ទំនាក់ទំនងជាមួយចិន តែទំហំពាណិជ្ជកម្ម ជាមួយចិនបែរជាបំបែក កំណត់ត្រាខ្ពស់ថ្មីក្នុងប្រវត្តិសាស្រ្ត

ទោះបីជាអ្នកនយោបាយមួយចំនួន របស់អាមេរិកបានឃោសនាបំប៉ោងពីការ ផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន ជាបន្តបន្ទាប់ក៏ដោយ ក៏ប៉ុន្តែទិន្នន័យស្ថិតិគឺពិតប្រាកដណាស់៖ ទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិក នៅឆ្នាំនេះនឹងបំបែកកំណត់ត្រាខ្ពស់ថ្មី ក្នុងប្រវត្តិសាស្រ្ត ។ ចាប់តាំងពីចិននិងអាមេរិក បានផ្ទុះសង្គ្រាមពាណិជ្ជកម្មមក ឆ្នាំ២០២២ ប្រហែលនឹងក្លាយជាមួយឆ្នាំ ដែលទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិក បានបំបែកឯតទគ្គកម្មក្នុងប្រវតិ្តសាស្ត្រ។ ការនាំចូលរបស់អាមេរិក ពីប្រទេសចិនមិនត្រឹមតែបាន លើសពីពេលណាៗទាំងអស់ ក្នុងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងក៏ការនាំចេញរបស់អាមេរិក ទៅកាន់ប្រទេសចិនក៏នឹងបំបែកកំណត់ត្រាថ្មីផងដែរ ។

កាលពីថ្ងៃទី៦ ខែធ្នូ តាមម៉ោងក្នុងតំបន់ តាមទិន្នន័យស្ថិតិថ្មីបំផុតដែល ចេញផ្សាយដោយក្រសួងពាណិជ្ជកម្មអាមេរិក បានបង្ហាញថា នៅខែតុលា ឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបរវាង អាមេរិកនិងចិនបានឡើងដល់ ៥ ម៉ឺន ៣ ពាន់ ៣ រយលានដុល្លារអាមេរិក ។ ក្នុងនោះ ការនាំចេញរបស់អាមេរិក ទៅកាន់ប្រទេសចិនបានកើនឡើង ១ ពាន់ ៤ រយលានដុល្លារអាមេរិកដែលមានចំនួន ១ ម៉ឺន ៣ ពាន់ ៦ រយលានដុល្លារអាមេរិក ចំណែកការនាំចូលរបស់អាមេរិក ពីប្រទេសចិនបានកាត់បន្ថយ ៤ ពាន់ ៦ រយលានដុល្លារអាមេរិកដែលមានចំនួន ៣ ម៉ឺន ៩ ពាន់ ៧ រយលានដុល្លារអាមេរិក ។ តាមស្ថិតិឱ្យដឹងថា គិតមកទល់ខែតុលា ឆ្នាំ ២០២២ សហរដ្ឋអាមេរិកបាននាំចូលទំនិញពីប្រទេសចិនក្នុងតម្លៃ ៤៥ ម៉ឺន ៧ ពាន់ ១ រយលានដុល្លារអាមេរិកដែលបានកើនឡើង ៦ ម៉ឺន ៣ ពាន់ ៤ រយលានដុល្លារអាមេរិកបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៨ ។ ទិន្នន័យស្ថិតិក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះបានបង្ហាញយ៉ាងច្បាស់លាស់ នូវនិន្នាការដែលទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិក បានបំបែកកំណត់ត្រាខ្ពស់ថ្មីម្តងទៀត ។

យោងតាមទិន្នន័យនៃទំហំពាណិជ្ជកម្ម ជាមួយបរទេសរបស់ប្រទេសចិន ប្រចាំខែតុលាឆ្នាំនេះដែលចេញផ្សាយ ដោយអគ្គនាយកដ្ឋានគយចិនកាលពីថ្ងៃទី ៧ ខែវិច្ឆិកាបានបង្ហាញឱ្យឃើញថា ក្នុងខែតុលា ទំហំពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកបានឡើងដល់ ៥ ម៉ឺន ៩ ពាន់ ៨ រយ ៤២ លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញរបស់ចិនទៅកាន់អាមេរិកមានដល់ទៅ ៤ ម៉ឺន ៧ ពាន់ ១៨ លានដុល្លារអាមេរិក រីឯការនាំចូលរបស់ចិនពីអាមេរិកមានដល់ទៅ ១ ម៉ឺន ២ ពាន់ ៨ រយ ២៤ លានដុល្លារអាមេរិក ។ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបរវាងចិន និងអាមេរិកបានឡើងដល់ ៦៣ ម៉ឺន ៩ ពាន់ ៨ រយ ៣០ លានដុល្លារអាមេរិកដែលបានកើនឡើង ៥,១ ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ ២០២១ ។

គួររំលឹកថា កាលពីខែមីនា ឆ្នាំ ២០១៨ រដ្ឋាភិបាលលោកត្រាំអាមេរិក កាលនោះបានបំផុសសង្គ្រាមពាណិជ្ជកម្ម ចំពោះប្រទេសចិនដោយយកអ្វីដែលហៅថា “ការពិនិត្យអង្កេតលេខ៣០១” ធ្វើជាលេស ដោយបានដំឡើងពន្ធខ្ពស់លើ ទំនិញចិនក្នុងតម្លៃប្រហែល ៣៦ ម៉ឺនលានដុល្លារអាមេរិក ដែលនាំចេញទៅកាន់អាមេរិក ។ បន្ទាប់ពីរដ្ឋាភិបាលលោក ចូ បៃដិន បានឡើងកាន់អំណាចនៅខែមករាឆ្នាំ ២០២១ បានបន្តអនុវត្តគោលនយោបាយពន្ធគយ ចំពោះប្រទេសចិនរបស់ រដ្ឋាភិបាលអាមេរិកអាណត្តិមុន ។ ប៉ុន្តែការពិតជាក់ស្តែងបានបញ្ជាក់ថា សង្គ្រាមពន្ធគយដែលបានអូសបន្លាយ អស់រយៈពេលជាង ៤ ឆ្នាំលើកនេះ គឺហាក់ដូចជាលើកដុំថ្មមកទម្លាក់លើជើងខ្លួនឯង ហើយទម្លាក់យ៉ាងទំហឹង និងត្រូវរបួសខ្លាំងទៀតផង ។

ទិន្នន័យសេដ្ឋកិច្ចគឺជា ការបង្ហាញយ៉ាងច្បាស់ក្រឡែត ។ ក្នុងរយៈពេល ៣ ឆ្នាំ គឺពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិកគឺ ៦៣ ម៉ឺន ៣ ពាន់ ៥ រយ ១៩ លានដុល្លារអាមេរិក ៥៤ ម៉ឺន ១ ពាន់ ៥ រយ ៦០ លានដុល្លារអាមេរិកនិង ៥៨ ម៉ឺន ៦ ពាន់ ៩ រយ ៧៩ លានដុល្លារអាមេរិកដោយឡែកពីគ្នា ។ អាចឃើញថា បន្ទាប់ពីបានផ្ទុះសង្រ្គាមពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មរវាងចិន និងអាមេរិកក្នុងឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ពិតជាបានរងផលប៉ះពាល់យ៉ាងខ្លាំងណាស់ ។

តាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន Moody’s បានបង្ហាញឱ្យឃើញថា ចំណាយពន្ធគយលើសពី ៩០ ភាគរយក្នុងសង្គ្រាមពាណិជ្ជកម្ម ជាមួយប្រទេសចិនរបស់អាមេរិក គឺទទួលបន្ទុកដោយអាមេរិក ។ តាមការផ្សាយដំណឹងនៃទីភ្នាក់សារព័ត៌មាន Bloomberg បានឱ្យដឹងថា ការដំឡើងពន្ធគយចំពោះប្រទេសចិន បានបង្កើនចំណាយដើមទុនរបស់ អ្នកប្រើប្រាស់និងសហគ្រាសអាមរិកយ៉ាងច្រើន ហើយក៏មិនអាចស្តារផលិតកម្ម របស់អាមេរិកឡើងវិញនោះដែរ ។

មិនត្រឹមតែប៉ុណ្ណោះទេ យោងតាមទិន្នន័យដែលចេញផ្សាយ ដោយក្រសួងពាណិជ្ជកម្មអាមេរិក បានបង្ហាញឱ្យឃើញថា នៅឆ្នាំ ២០២១ ឱនភាពពាណិជ្ជកម្មទំនិញជាមួយ ប្រទេសចិនរបស់អាមេរិកបានកើនឡើង ១៤,៥ ភាគរយដែលឡើងដល់ ៣៥ ម៉ឺន ៥ ពាន់ ៣ រយលានដុល្លារអាមេរិក ។ តាមការសិក្សាស្រាវជ្រាវពាក់ព័ន្ធ ផ្សេងទៀតបានបង្ហាញឱ្យឃើញថា សង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន បានបណ្តាលឱ្យសហគ្រាសអាមេរិក ខាតបង់តម្លៃទីផ្សារចំនួន ១៧០ ម៉ឺនលានដុល្លារអាមេរិក បាត់បង់ឱកាសការងារជិត ២៥ ម៉ឺន ចំណាយនៃគ្រួសារនីមួយៗគិតជាមធ្យម ក្នុងមួយឆ្នាំបានកើនឡើងជិត ១ ពាន់ ៣ រយដុល្លារអាមេរិក ។

ជាបឋម អ្នកនយោបាយមួយចំនួន របស់អាមេរិកចាំបាច់ត្រូវសម្គាល់ឃើញថា ទង្វើដែលប្រព្រឹត្តិទៅផ្ទុយពីចំណេះទូទៅ ខាងសេដ្ឋកិច្ចនិងក្រិតក្រមទីផ្សារ គឺមិនអាចទៅរួចទេ ។ ទី២ ការប្រើអ្វីដែលហៅថា “ភាពត្រឹមត្រូវខាងនយោបាយ” មកបំភាន់គោលនយោបាយចំពោះប្រទេសចិន វាមិនអាចដោះស្រាយបញ្ហារបស់ខ្លួននោះទេ ។ បើសិនជាដើម្បីបង្ហាញពី “អាកប្បកិរិយាដ៏រឹងចចេស ចំពោះប្រទេសចិន” បែរទៅមិនហ៊ានលុបចោលពន្ធគយ ដែលដំឡើងទៅលើផលិតផលចិន វាគឺជាកលល្បិចនយោបាយ ដែលគិតមិនបានវែងឆ្ងាយ ហើយនឹងបំផ្លាញដល់ផលប្រយោជន៍ជាតិ ព្រមនិងសុខសុភមង្គលនិងផលប្រយោជន៍ របស់ប្រជាជនអាមេរិក ។

ព្រមពេលជាមួយគ្នានេះ អាមេរិកក៏គួរតែប្រើក្រសែភ្នែក ត្រឹមត្រូវទៅស្វែងយល់ពីគោលនយោបាយជាតិ និងអន្តរជាតិព្រមនិងគោលបំណង យុទ្ធសាស្ត្ររបស់ភាគីចិនផងដែរ ។ ប្រទេសចិនបានសង្កត់ធ្ងន់ ម្តងហើយម្តងទៀតថា គ្មានចេតនាបង្ករឿងហេតុ និងជំនួសតំណែងអាមេរិកនោះទេ តែគឺព្យាយាមស្វែងរកការយក ឈ្នះលើខ្លួនឯងឥតឈប់ឈរ ។ ប្រទេសចិនមិនមានយុទ្ធសាស្រ្ត ធ្វើអនុត្តរភាពនោះទេ មានតែយុទ្ធសាស្ត្រអភិវឌ្ឍន៍ ក្នុងគោលបំណងធ្វើឱ្យប្រជាជនចិន មានជីវភាពរស់នៅកាន់តែល្អប្រសើរ ។ អ្នកផងទាំងពួងបានជ្រាបស្រាប់ហើយថា បញ្ហាប្រឈមធំបំផុតដែលអាមេរិក បាននិងកំពុងប្រឈម គឺមកពីផ្ទៃក្នុងជាប់រហូត ។ អាមេរិកគួរតែផ្តោតសំខាន់ទៅលើ ការធ្វើការងាររបស់ខ្លួនឱ្យបានល្អ ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាជនអាមេរិកកំពុងជួបប្រទះនឹង អតិផរណាដ៏ខ្ពស់បំផុតក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ ។ រីឯក្នុងកត្តាមួយចំនួនដែលបណ្តាលឱ្យ សហរដ្ឋអាមេរិកកើតមានអតិផរណាខ្ពស់ ក្នុងរយៈពេលជាច្រើនខែជាប់ៗគ្នា សង្គ្រាមពាណិជ្ជកម្មមានអនុបាតយ៉ាងខ្លាំង ។ ទិន្នន័យសេដ្ឋកិច្ចបានឆ្លុះបញ្ចាំង យ៉ាងពិតប្រាកដឱ្យឃើញថា ទោះបីជាសហរដ្ឋអាមេរិក និយាយបានតែមាត់ថា នឹងផ្ទេរខ្សែសង្វាក់ផ្គត់ផ្គង់ ពីប្រទេសចិនទៅកាន់ប្រទេសផ្សេងទៀត និងកសាងរោងចក្រជាថ្មីឡើងវិញក៏ដោយ ក៏ប៉ុន្តែបច្ចុប្បន្ននេះផលិតផលចិន ដែលអាមេរិកបានទិញច្រើនជាង ពេលណាៗទាំងអស់ ។ តាមពិតទៅ ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន នៅតែជាទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ដ៏ធំបំផុតរបស់អាមេរិកដដែល ។

អ្នកជំនាញមួយចំនួនបានថ្លែងថា ទំហំពាណិជ្ជកម្មសរុបរវាងចិន និងអាមេរិកក្នុងឆ្នាំ ២០២១ បានលើសពី ៧៥ ម៉ឺនលានដុល្លារអាមេរិកដែលបាន បំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។ ប៉ុន្តែបើមើលពីសភាពការណ៍ បច្ចុប្បន្នអាចឃើញថា ទិន្នន័យពាណិជ្ជកម្មក្នុងឆ្នាំ ២០២២ នឹងបន្តកើនឡើងតទៅទៀត ហើយមានលទ្ធភាពណាស់ ដែលនឹងបំបែកកំណត់ត្រាខ្ពស់ថ្មី មួយទៀតក្នុងប្រវត្តិសាស្រ្ត ។

ចិននិងអាមេរិកមានទំនាក់ទំនងល្អ នឹងអាចផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក ការធ្វើបដិបក្ខគ្នានឹងមាន ផលប៉ះពាល់ទាំងសងខាង នេះជាហេតុផលដែលត្រូវបាន បញ្ជាក់ជាច្រើនដងច្រើន លើក្នុងការអនុវត្តជាក់ស្តែង ។ គោលនយោបាយពាណិជ្ជកម្ម ចំពោះចិនរបស់រដ្ឋាភិបាលលោកត្រាំ គឺខុសឆ្គង ។ ផ្ទុយទៅវិញ មានតែរក្សាបាននូវទំនាក់ទំនង ពាណិជ្ជកម្មជាមួយប្រទេសចិន ពង្រីកកិច្ចសហប្រតិបត្តិការខាងពាណិជ្ជកម្ម និងកាត់បន្ថយរបាំងពាណិជ្ជកម្មប៉ុណ្ណោះ ទើបមានអំណោយផលបំផុតដល់អាមេរិក ។

ចិនត្រូវការពិភពលោក ចំណែកពិភពលោកវិញក៏មិនអាច កាត់ផ្ដាច់ពីប្រទេសចិនដែរ ។ មិនថា អ្នកនយោបាយអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនតូច ឃោសនាបំប៉ោងពីការ “ផ្តាច់ទំនាក់ទំនង” ជាមួយប្រទេសចិនយ៉ាងណាក៏ដោយ ក៏វាសុទ្ធតែជារឿងដែល មិនអាចសម្រេចបាននោះទេ ។ យើងរំពឹងថា សហរដ្ឋអាមេរិកអាចក្រេបជញ្ជក់ មេរៀនពីបរាជ័យ កែតម្រូវទង្វើខុសឆ្គងឱ្យទាន់ពេលវេលា មានតែបើកទ្វារចំហ ទើបអាចឆ្ពោះទៅរកអនាគតនៃ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ៕

To Top