គៀវ៖ លោក Denys Shmyhal នាយករដ្ឋមន្រ្តី បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសអ៊ុយក្រែន ត្រូវការជំនួយយ៉ាងឆាប់រហ័ស ចំនួនសរុប១ពាន់លានដុល្លារអាមេរិក ដើម្បីបញ្ជូនបណ្តាញអគ្គិសនី និងប្រព័ន្ធកម្តៅរបស់ខ្លួនឲ្យដំណើរការធម្មតាវិញ ។ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ។

លោក Shmyhal នៅក្នុងសុន្ទរកថា ទៅកាន់កិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ បានថ្លែងថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានធ្វើឱ្យខូចខាតដល់ពាក់កណ្តាល ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់ប្រទេស ។
លោកបន្តថា ការងារស្តារឡើងវិញតម្រូវឱ្យ មានដំណើរការ៣ដំណាក់កាល ។

លោក Shmyhal បានប្រាប់ដល់កិច្ចប្រជុំនេះថា “ប៉ុន្តែអាទិភាពចម្បងឥឡូវនេះគឺដំណាក់កាលនៃការរស់រានមានជីវិត ហើយការស្តារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងវិស័យថាមពលឱ្យបានឆាប់រហ័សដើម្បីឆ្លងកាត់រដូវរងា” ។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញ Telegram ផ្ទាល់ខ្លួនរបស់គាត់ឲ្យដឹងដូច្នេះ ។
លោក Shmyhal បានឲ្យដឹងថា “ការចំណាយប្រហាក់ប្រហែល នៃជំនួយបន្ទាន់សម្រាប់វិស័យថាមពល គឺមានចំនួន៥០០លានដុល្លារ” ។

លោកបានបញ្ជាក់ថា “ការចំណាយប្រហាក់ប្រហែល នៃជំនួយបន្ទាន់ សម្រាប់វិស័យកម្តៅ គឺមានចំនួន៥០០លានដុល្លារ បន្ថែមទៀត” ៕
ដោយ៖ ម៉ៅ បុប្ផាមករា
