ព័ត៌មានអន្តរជាតិ

មហាអំណាចអាមេរិក-ចិន ចាំបាច់ត្រូវស្ដារទំនាក់ទំនងឡើងវិញ

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បានអំពាវនាវ ឱ្យមានការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិក ដើម្បីដាក់ទំនាក់ទំនងទ្វេភាគីឱ្យដំណើរការឡើងវិញ បន្ទាប់ពីកិច្ចចរចាចុងក្រោយ រវាងមន្ត្រីនៃប្រទេសទាំងពីរ។

អនុរដ្ឋមន្ត្រីការបរទេសចិន Xie Feng បានជួបពិភាក្សាជាមួយឧបការី រដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក Daniel Kritenbrink និង Laura Rosenberger នាយកជាន់ខ្ពស់ទទួលបន្ទុកកិច្ចការចិន នៃក្រុមប្រឹក្សាសន្តិសុខជាតិ សេតវិមាននៅទីក្រុង Langfang ជិតទីក្រុងប៉េកាំង នៅដើមខែធ្នូ។

ប្រទេសចិនបានឲ្យដឹងថា ភាគីទាំងពីរគួរតែយកការអនុវត្តការឯកភាព ដ៏សំខាន់ដែលប្រមុខរដ្ឋទាំងពីរសម្រេច បាននៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ជាគោលការណ៍ណែនាំចម្បងសម្រាប់ស្ថិរភាព និងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ក្នុងដំណាក់កាលបន្ទាប់ ។

លោក Wang បានលើកឡើងថា ប្រទេសចិន បានអំពាវនាវ ឱ្យភាគីទាំងសងខាងពង្រឹងទំនាក់ទំនង អនុវត្តកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ ទៅវិញទៅមក និងគ្រប់គ្រងភាពខុសប្លែកគ្នាឱ្យបានត្រឹមត្រូវ ដើម្បីដាក់ទំនាក់ទំនង ទ្វេភាគីឡើងវិញ។

លោកបានបន្ដថា ប្រទេសចិន បានអំពាវនាវឱ្យមានការច្រាន ចោលនូវចិត្តគំនិតនៃសង្រ្គាមត្រជាក់សូន្យ ការប្រឆាំងទៅនឹងការប្រឈមមុខ ដាក់គ្នាខាងមនោគមវិជ្ជា និងប្លុក និងការបញ្ចប់ការផ្តាច់ទំនាក់ទំនង ការបំបែកខ្សែសង្វាក់ផ្គត់ផ្គង់ និងការគាបសង្កត់ផ្នែកបច្ចេកវិទ្យា។

ចំពោះសំណួរតៃវ៉ាន់ ចិន បានរំលឹកឡើងវិញ នូវជំហរដ៏ឧឡារិកចំពោះទង្វើខុសឆ្គងរបស់ភាគីអាមេរិក ដូចជាការផ្លាស់ប្តូរកម្រិតខ្ពស់ជាមួយតៃវ៉ាន់ ការលក់អាវុធទៅឱ្យតៃវ៉ាន់ និងច្បាប់ទាក់ទងនឹងតៃវ៉ាន់ ហើយបានជំរុញឱ្យសហរដ្ឋអាមេរិកចាត់វិធានការ ជាក់ស្តែងដើម្បីគោរព តាមគោលការណ៍​ចិនតែមួយ និងសេចក្តីថ្លែងការណ៍​រួម​ចិន-អាមេរិកទាំង៣ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top