យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារលើ សណ្ឋាគារមួយក្នុងទីក្រុងកាប៊ុល រដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថាន ហើយបានអំពាវនាវឱ្យជនល្មើស ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ សណ្ឋាគារមួយ ដែលមានជនជាតិចិន នៅទីក្រុងកាប៊ុលត្រូវបាន វាយប្រហារដោយបុគ្គលិកប្រដាប់អាវុធ មិនស្គាល់អត្តសញ្ញាណកាលពីថ្ងៃចន្ទ។ ក្រុមភេរវករ ៣នាក់បានស្លាប់ និងជនស៊ីវិលចិន ជាច្រើននាក់បានរងរបួស។ សាខាមួយរបស់ក្រុមជ្រុលនិយម ISIS បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ។
លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រធានអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Guterres “សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ នៃអ្នកបាត់បង់ជីវិត និងសូមជូនពរឱ្យមានការជាសះស្បើយ យ៉ាងឆាប់រហ័សចំពោះអ្នករងរបួស” ។
លោកអគ្គលេខាធិកា បានអំពាវនាវឱ្យជនល្មើសត្រូវទទួលខុសត្រូវ និងបានរំលឹកឡើងវិញថា “ការវាយប្រហារលើជនស៊ីវិល និងវត្ថុស៊ីវិលត្រូវបានហាមឃាត់ យ៉ាងតឹងរ៉ឹងក្រោមច្បាប់មនុស្សធម៌អន្តរជាតិ” ៕
ប្រែសម្រួល ឈូក បូរ៉ា