ព្រុចសែល៖ នៅពេលដែលអឺរ៉ុប ទទួលរងនូវផលវិបាកនៃវិបត្តិថាមពល និងអតិផរណាខ្ពស់ សភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់កាត់បន្ថយអតិផរណា (IRA) នៅក្នុងខែសីហា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ខណៈដែល IRA មានគោលបំណងលើកកម្ពស់ការផលិត និងការប្រើប្រាស់យានយន្តអគ្គិសនី និងបច្ចេកវិទ្យាបៃតងផ្សេងទៀត នៅក្នុងសហរដ្ឋអាមេរិក តាមរយៈគោលនយោបាយ ឧបត្ថម្ភធនផ្នែកគាំពារ ទង្វើនេះបានជំរុញឱ្យសហភាពអឺរ៉ុប ទទួលភាពសោកសៅយ៉ាងខ្លាំង។
មេដឹកនាំធុរកិច្ចនៅទូទាំងសហភាពអឺរ៉ុប បានអះអាងថា IRA គំរាមកំហែងដល់ឧស្សាហកម្ម របស់សហភាពអឺរ៉ុប ហើយថា ការបង្កើតឡើងវិញនូវឧស្សាហកម្ម របស់សហរដ្ឋអាមេរិកមិនគួរនាំមក នូវការបំផ្លិចបំផ្លាញឧស្សាហកម្មនៅអឺរ៉ុបឡើយ។
យោងតាមការស្ទង់មតិដែលធ្វើឡើង ដោយសមាគមសភាឧស្សាហកម្ម និងពាណិជ្ជកម្មអាល្លឺម៉ង់ (DIHK) ក្រុមហ៊ុន ៣៩ ភាគរយនៃសមាជិករបស់ខ្លួន នៅសហរដ្ឋអាមេរិកគ្រោងនឹងបង្កើន ការវិនិយោគនៅក្នុងប៉ុន្មានខែខាងមុខនេះ ខណៈដែលមានតែ ១៧ ភាគរយប៉ុណ្ណោះដែលកំពុង កាត់បន្ថយការវិនិយោគរបស់ពួកគេ ។
លោក Volker Treier ប្រធានផ្នែកពាណិជ្ជកម្មបរទេសនៅ DIHK បានឲ្យដឹង បច្ចុប្បន្ននេះ ក្រុមហ៊ុនអឺរ៉ុបជាច្រើនមានការព្រួយបារម្ភ អំពីការលើកទឹកចិត្តពន្ធថ្មីរបស់ សហរដ្ឋអាមេរិកនៅក្នុងវិស័យរថយន្ត និងបរិស្ថាន ដែលអនុវត្ត ចំពោះផលិតកម្មនៅក្នុង សហរដ្ឋអាមេរិកតែប៉ុណ្ណោះ ហើយដូច្នេះការរើសអើង ប្រឆាំងនឹងក្រុមហ៊ុនអាល្លឺម៉ង់ ហើយយោងទៅតាមអ្នកជំនាញបាន រំលោភលើអង្គការពាណិជ្ជកម្មពិភពលោក (WTO) យ៉ាងច្បាស់។
ការស្ទង់មតិអាជីវកម្មរបស់ DIHK ក៏បង្ហាញផងដែរថា ក្រុមហ៊ុនមួយក្នុងចំនោមក្រុមហ៊ុនចំនួន ៥ ដែលសកម្មនៅក្នុងឧស្សាហកម្ម ផ្គត់ផ្គង់រថយន្តរបស់អាល្លឺម៉ង់ កំពុងមានគម្រោងបង្កើតផលិតកម្ម នៅក្រៅប្រទេស ជាពិសេសដោយសារតែតម្លៃ ថាមពលខ្ពស់របស់ប្រទេសនេះ៕
ប្រែសម្រួល ឈូក បូរ៉ា