លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន បានធ្វើកិច្ចជំនួបពិភាក្សាការងារជាមួយលោក Zambry រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៤ខែធ្នូ។
លោក Wang Yi បានថ្លែងថា ចិននិងម៉ាឡេស៊ីគឺជាមិត្តដ៏ល្អ និងដៃគូល្អ ដែលមានប្រវត្តិសាស្រ្ត ពាន់ឆ្នាំ ។ ប្រទេសចិនរីករាយបន្តចំណងមិត្តភាព ជាមួយរដ្ឋាភិបាលថ្មីរបស់ម៉ាឡេស៊ី ធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ ចាតុទុកខួប១០ឆ្នាំនៃការបង្កើតទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៣និងខួប៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៤ជាឱកាសដើម្បី រួមគ្នាខិតខំប្រឹងប្រែងឆ្ពោះទៅទិសដៅធំ នៃការកសាងសហគមន៍រួមវាសនាចិន និងម៉ាឡេស៊ី ជំរុញទំនាក់ទំនងទ្វេភាគី ឱ្យឡើងកាន់កម្រិតថ្មី រួមគ្នាគាំពារសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់។
ជាការឆ្លើយតប លោក Zambry បានអបអរសាទរចំពោះការបើកធ្វើដោយជោគជ័យ នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ លោកបានថ្លែងថា ប្រជាជននៃប្រទេសទាំងពីរ ម៉ាឡេស៊ីនិងចិនមានចំណងមិត្តភាពប្រពៃណី ប្រទេសទាំងពីរគោរពគ្នាទៅវិញទៅមក មានទំនុកចិត្ត ចំពោះគ្នាទៅវិញទៅមក ។ រដ្ឋាភិបាលថ្មីម៉ាឡេស៊ីរីករាយ បង្កើនការប្រាស្រ័យទាក់ទង ជាន់ខ្ពស់ជាមួយប្រទេសចិន និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ លើវិស័យនានា៕