វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានលើកឡើងថា ករណីឆ្លងជំងឺកូវីដ-១៩ កំពុងកើនឡើងនៅទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការលើកឡើងដែលលោក បៃដិន បានបង្ហោះលើបណ្ដាញ Twitter បានកើតឡើងខណៈពេលដែល ក្រុមគ្រួសារអាមេរិក កំពុងជួបជុំគ្នាសម្រាប់ថ្ងៃឈប់សម្រាក។
សេតវិមានកំពុងបន្តកម្មវិធី ដើម្បីបញ្ជូនឧបករណ៍ ធ្វើតេស្តរកជំងឺកូវីដ-១៩ ទៅកាន់គ្រួសារ ដែលស្នើសុំពួកគេមុនពេលមានការកើនឡើង នៃរដូវរងាដ៏មានសក្តានុពល។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក បៃដិន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា “យើងកំពុងរកឃើញករណីឆ្លងជំងឺកូវីដ កើនឡើងនៅក្នុងផ្នែកខ្លះ នៃប្រទេសបន្ទាប់ពីពិធីបុណ្យ Thanksgiving” ។
មន្ត្រីរូបនេះបានបន្ដថា “ខណៈពេលដែលជំងឺកូវីដ មិនមែនជាកម្លាំងរំខាន ដែលវាធ្លាប់មានពីមុនមក យើងដឹងថា មេរោគនឹងរីករាលដាលកាន់តែលឿន និងងាយស្រួល នៅពេលដែលមនុស្សប្រមូលផ្តុំគ្នាក្នុងផ្ទះ សម្រាប់រដូវវិស្សមកាលរដូវរងា”។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានឱ្យដឹងថា ជាមធ្យមរយៈពេលប្រាំពីរថ្ងៃ នៃករណីថ្មីនៃជំងឺកូវីដ-១៩ ប្រចាំសប្តាហ៍ បានកើនឡើងដល់ជាង ៦៥០០០ករណី កាលពីសប្តាហ៍មុន ដែលកើនឡើងជិត ៥០ ភាគរយបើធៀបនឹងសប្តាហ៍មុន៕ប្រែសម្រួល ឈូក បូរ៉ា