ព័ត៌មានអន្តរជាតិ

រដ្ឋបុរសវ័យ ៩៩ឆ្នាំ របស់អាមេរិកថា ការចរចាជាបន្ទាន់ ដើម្បីបញ្ចប់អរិភាព ក្នុងប្រទេសអ៊ុយក្រែន គឺនឹងការពារ សង្គ្រាមលោកជាថ្មីទៀត

បរទេស ៖ អតីតរដ្ឋមន្ត្រីការបរទេស អាមេរិក គឺលោក Henry Kissinger បានអះអាង នៅក្នុងអត្ថបទមួយ ដែលបានបោះពុម្ព កាលពីថ្ងៃសុក្រថា ការចរចាជាបន្ទាន់ ដើម្បីបញ្ចប់អរិភាពក្នុងប្រទេសអ៊ុយក្រែន គឺនឹងការពារសង្គ្រាមលោកជាថ្មីទៀត ។ រដ្ឋបុរសវ័យ ៩៩ឆ្នាំរបស់អាមេរិករូបនេះ បានកត់សម្គាល់ថា នៅឆ្នាំ ១៩១៦ រដ្ឋាភិបាលសហរដ្ឋអាមេរិក មានឱកាសបញ្ចប់សង្គ្រាមលោកលើកទី ១ តាមរយៈការទូត ប៉ុន្តែខកខានដោយសារ ហេតុផលនយោបាយក្នុងស្រុក ។

យោងតាមសារ ព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Kissinger បានដាក់ចេញនូវហេតុផល របស់លោកនៅ ក្នុងទស្សនាវដ្តី The Spectator នៅថ្ងៃទី ១៧ ខែធ្នូ ដោយពណ៌នា អំពីជម្លោះបច្ចុប្បន្នថាជា “សង្រ្គាមដែលមហាអំណាច នុយក្លេអ៊ែរទាំងពីរប្រកួតប្រជែង ជាមួយប្រទេសប្រដាប់ អាវុធធម្មតា” ដែលជាការបញ្ជាក់យ៉ាងច្បាស់ថា អ៊ុយក្រែនជាសង្រ្គាមតំណាង រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។

“ដំណើរការសន្តិភាព ” លោក Kissinger ស្នើនឹង “ភ្ជាប់អ៊ុយក្រែនទៅនឹង អង្គការណាតូ” ខណៈដែលលោកជឿថា អព្យាក្រឹតភាព សម្រាប់រដ្ឋាភិបាល ទីក្រុងគៀវ គឺលែងជាជម្រើសទៀតហើយ ។ លោកក៏ចង់ឲ្យរុស្ស៊ី ដកខ្លួនចេញមុនថ្ងៃទី២៤ ខែកុម្ភៈ ខណៈទឹកដីផ្សេងទៀតដែលអ៊ុយក្រែន បានទាមទារនោះ មានដូចជា Donetsk, Lugansk និង Crimea “អាចជាកម្មវត្ថុ នៃការចរចាបន្ទាប់ពីបទឈប់បាញ់”។

រដ្ឋបុរសវ័យ ៩៩ឆ្នាំរបស់អាមេរិករូបនេះ បានពន្យល់ថា បន្ថែមពីលើ “ការបញ្ជាក់ពីសេរីភាពរបស់អ៊ុយក្រែន” ការរៀបចំនឹងខិតខំ “កំណត់រចនាសម្ព័ន្ធអន្តរជាតិថ្មី ជាពិសេសសម្រាប់ អឺរ៉ុបកណ្តាល និងខាងកើត” ដែលរុស្ស៊ីគួរតែ “ទីបំផុត” ស្វែងរក៕

To Top