ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ការអភិវឌ្ឍរបស់ប្រទេសចិន មិនអាចឃ្លាតពីពិភពលោកបានទេ ហើយការអភិវឌ្ឍរបស់ពិភពលោក ក៏ត្រូវការប្រទេសចិនផងដែរ

សនិ្នសីទអំពីការងារសេដ្ឋកិច្ចមជ្ឈិមចិន ដែលប្រារព្ធឡើងក្នុងមួយឆ្នាំម្តង បានធ្វើឡើងនៅក្រុងប៉េកាំងពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែធ្នូ ។ សន្និសីទបានបូកសរុប នូវការងារសេដ្ឋកិច្ចប្រចាំឆ្នាំ ២០២២ ធ្វើការវិភាគ ចំពោះស្ថានការណ៍សេដ្ឋកិច្ចបច្ចុប្បន្ន និងរៀបចំចាត់ចែងការងារសេដ្ឋកិច្ច នៅឆ្នាំ ២០២៣ ។

សន្និសីទនេះបានសង្កត់ធ្ងន់ថា “ឆ្នាំក្រោយ ប្រទេសចិនត្រូវប្រកាន់ខ្ជាប់នូវការ”តម្កល់ទុកភាពនឹងនរជាចម្បង ហើយស្វែងរកការអភិវឌ្ឍ ដោយឈរលើមូលដ្ឋាននៃភាពនឹងនរ” “ជំរុញដំណើរការសេដ្ឋកិច្ច ឱ្យមានភាពល្អប្រសើរឡើងវិញទាំងមូល សម្រេចបាននូវការលើកស្ទួយ ប្រកបដោយប្រសិទ្ធភាព នៃគុណភាពនិងកំណើន ដោយសមហេតុផល នៃបរិមាណ ក៏ដូចជាមានការចាប់ផ្តើមដ៏ល្អ ក្នុងកិច្ចកសាងប្រទេសសង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយ” បទបង្ហាញទាំងនេះ បានផ្តល់ការណែនាំច្បាស់លាស់ សម្រាប់ការងារសេដ្ឋកិច្ចនៅឆ្នាំក្រោយ ហើយក៏ជាដំណឹងល្អ សម្រាប់ពិភពលោកផងដែរ ។

ការសិក្សាស្រាវជ្រាវទាំងជាតិនិងអន្តរជាតិជាច្រើន បានបង្ហាញឱ្យឃើញថា ដោយសាររងឥទ្ធិពលពីកត្តាជាច្រើន កំណើនសេដ្ឋកិច្ចសកលបានបង្អង់ល្បឿន យ៉ាងលេចធ្លោនៅឆ្នាំ ២០២២ ហើយសេដ្ឋកិច្ចសកលនឹងបន្ត មានភាពថមថយចុះនៅឆ្នាំ ២០២៣ ។
ក្នុងបរិបទបែបនេះ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរ លើពិភពលោក ការរក្សាដំណើរការដោយនឹងនរ នៃសេដ្ឋកិច្ចចិន វាមានសារសំខាន់ណាស់ ។

ប្រព័ន្ធសារព័ត៌មានបរទេសបានសង្កេតឃើញថា សន្និសីទលើកនេះបានបញ្ជាក់ថា ត្រូវផ្តោតសំខាន់ទៅលើការពង្រីកតម្រូវការក្នុងស្រុក ត្រូវតម្កល់ទុកការស្តារឡើងវិញ និងពង្រីកការប្រើប្រាស់ជាអាទិភាព ។កាលពីប៉ុន្មានថ្ងៃមុន ប្រទេសចិន បានដាក់ចេញ《ផែនការយុទ្ធសាស្រ្ត ស្តីពីការពង្រីកតម្រូវការក្នុងស្រុក (២០២២-២០៣៥)》។ បច្ចុប្បន្ននេះ ចំនួនប្រជាជនចិនបានលើសពី ១ ពាន់ ៤ រយលាននាក់ ផលិតផលក្នុងស្រុកសរុប គឺ GDP គិតជាមធ្យមក្នុងមនុស្សម្នាក់ៗ នៃប្រទេសចិន បានលើសពី១២០០០ដុល្លារអាមេរិក ហើយអនុបាតនៃការចំណាយចុងក្រោយ របស់ប្រជាជនចិន ក្នុងGDPបានលើសពី ៥០ ភាគរយ ក្នុងរយៈពេល ១១ ឆ្នាំជាប់ៗគ្នា គឺជាទីផ្សារចំណាយ ដែលមានសក្តានុពលបំផុតនៅទូទាំងពិភពលោក ។ ការពង្រីកតម្រូវការក្នុងស្រុករបស់ប្រទេសចិន មុខជានឹងផ្តល់ឱកាសកាន់តែច្រើន សម្រាប់ឱ្យសហគ្រាស នៃបណ្តាប្រទេសនានា ចូលក្នុងទីផ្សារចិនដ៏ធំធេង ក៏ដូចជាធ្វើឱ្យ” ទីផ្សារចិនក្លាយទៅជាទីផ្សារសកល ទីផ្សារអាចចែករំលែក បាននិងទីផ្សាររបស់អ្នកទាំងអស់គ្នា” ថែមមួយកម្រិតទៀត ។

“ភាពបើកទូលាយ” គឺជាពត៌មានច្បាស់លាស់មួយទៀត ដែលសន្និសីទលើកនេះបញ្ជូនទៅកាន់ពិភពលោក ។ សន្និសីទលើកនេះបានសង្កត់ធ្ងន់ថា ត្រូវប្រកាន់ខ្ជាប់ការជំរុញការបើកទូលាយ ប្រកបដោយកម្រិតខ្ពស់ចំពោះបរទេស ពង្រីកដោយនឹងនរនូវការបើកទូលាយ ជាប្រព័ន្ធខាងវិស័យក្បួនច្បាប់ បទប្បញ្ញត្តិ ការគ្រប់គ្រងនិងស្តង់ដាជាដើម ហើយបានលើកឡើងថា នឹងខំប្រឹងឱ្យអស់សមត្ថភាព ថែមមួយកម្រិតទៀត ដើម្បីកៀរគរ និងប្រើប្រាស់ទុនបរទេស។ នាថ្មីៗកន្លងទៅនេះ លទ្ធផលនៃការស៊ើបអង្កេតរបស់សភាពាណិជ្ជកម្មអាល្លឺម៉ង់នៅចិននិងសភាពាណិជ្ជកម្មអូស្ត្រាលីនៅចិនបានបង្ហាញថា សហគ្រាសដែលផ្តល់បទសម្ភាសន៍ភាគច្រើនមានអាកប្បកិរិយាសុទិដ្ឋិនិយមចំពោះកាលានុវត្តភាពទីផ្សារនិងប្រាក់កំរៃរបស់ខ្លួននៅប្រទេសចិន ។

សូមបញ្ជាក់ថា ការអភិវឌ្ឍរបស់ប្រទេសចិន មិនអាចឃ្លាតពីពិភពលោកបានទេ ហើយការអភិវឌ្ឍរបស់ពិភពលោក ក៏ត្រូវការប្រទេសចិនផងដែរ ។ សនិ្នសីទអំពីការងារសេដ្ឋកិច្ចមជ្ឈិមចិន ដែលប្រារព្ធឡើង បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិន លើកទី ២០ បានបង្ហាញទៅកាន់ពិភពលោក នូវភាពធន់នៃសេដ្ឋកិច្ច សក្ដានុពលនៃទីផ្សារ ភាពរស់រវើកនៃនវានុវត្តន៍និងភាពក្លាហាន នៃការបើកទូលាយរបស់ប្រទេសចិន ។ ឱ្យតែការធ្វើទំនើបកម្មតាមបែបផែនចិន ដើរឱ្យកាន់តែឆ្ងាយនិងកាន់តែរឹងមាំ ពិភពលោក ក៏នឹងទទួលបានឱកាសឈ្នះ-ឈ្នះ កាន់តែច្រើនផងដែរ ៕

To Top