ព័ត៌មានអន្តរជាតិ

ប្រធានសភាអ៊ីរ៉ង់៖ អាមេរិកប្រើទណ្ឌកម្មជាឥទ្ធិពល ដើម្បីដាក់សម្ពាធលើប្រទេសដទៃ

តេអេរ៉ង់៖ ប្រធានសភារបស់ប្រទេសអ៊ីរ៉ង់បានឲ្យដឹងថា សហរដ្ឋអាមេរិកប្រើទណ្ឌកម្មជាឥទ្ធិពល ដើម្បីដាក់សម្ពាធប្រទេសណាមួយ ដែលនឹងក្រោកឈរឡើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសនីការ៉ាហ្គ័រ លោក Denis Moncada ដែលកំពុងបំពេញទស្សនកិច្ច នៅទីក្រុងតេអេរ៉ង់ លោក Mohammad Baqer Qalibaf បានអំពាវនាវឱ្យមាន កិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើង រវាងប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច កសិកម្ម ថាមពល និងបច្ចេកវិទ្យា។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការកែលម្អទំនាក់ទំនងទ្វេភាគី ដើម្បីការពារផលប្រយោជន៍ របស់ប្រទេសទាំងពីរ មន្ត្រីអ៊ីរ៉ង់បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ មានសារៈសំខាន់ជាពិសេស សម្រាប់ទាំងអ៊ីរ៉ង់ និងនីការ៉ាហ្គា ខណៈដែលពួកគេទាំងពីរស្ថិតនៅក្រោម ការដាក់ទណ្ឌកម្មដ៏ឃោរឃៅ របស់ទីក្រុងវ៉ាស៊ីនតោន។

សម្រាប់ផ្នែករបស់លោក រដ្ឋមន្ត្រីការបរទេសនីការ៉ាហ្គាបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអ៊ីរ៉ង់ គឺជាសញ្ញានៃកិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្តរបស់ប្រទេសទាំងពីរ ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី និងបង្កើនការគាំទ្រ ទៅវិញទៅមករបស់ពួកគេ ចំពោះមុខសត្រូវរួម។

អស់ជាច្រើនទសវត្សរ៍កន្លងមកនេះ ទាំងអ៊ីរ៉ង់ និងនីការ៉ាហ្គា បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មឯកតោភាគី របស់សហរដ្ឋអាមេរិក។ ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​កាន់តែ​ខ្លាំង​ឡើង​ ក្នុង​ឆ្នាំ២០១៨ បន្ទាប់ពី​អតីត​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ​ឆ្នាំ២០១៥ រវាង​ទីក្រុងតេអេរ៉ង់ និង​មហាអំណាច​ពិភពលោក។

គួរបញ្ជាក់ផងដែរថា នៅឆ្នាំ១៩៨៥ ប្រធានាធិបតីអាមេរិកលោក Ronald Reagan បានដាក់ទណ្ឌកម្មប្រឆាំង នឹងរដ្ឋាភិបាលនីការ៉ាហ្គា ដោយហាមឃាត់រាល់ពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងនីការ៉ាហ្គា៕ ប្រែសម្រួល ឈូក បូរ៉ា

To Top