ព័ត៌មានអន្តរជាតិ

ទំនាក់ទំនងតួកគី និងក្រិក កាន់តែដុនដាប ក្រោយយន្ដហោះចម្បាំងក្រិក ប៉ុនប៉ងរារាំង បេសកកម្មតួកគី-ណាតូ នៅសមុទ្រ Aegean

អង់ការ៉ា ៖ តួកគីបានឲ្យដឹងថា យន្តហោះចម្បាំងរបស់ខ្លួនបានផ្តល់ “ការឆ្លើយតបចាំបាច់” ចំពោះការប៉ុនប៉ង របស់យន្តហោះក្រិក ដើម្បីរារាំង បេសកកម្មរវាងតួកគី – ណាតូ នៅក្នុង Aegean នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ក្រសួងការពារជាតិតួកគីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យន្តហោះប្រយុទ្ធ និងគាំទ្រ នៃកងទ័ពអាកាសរបស់យើង និងយន្តហោះ AWACS ដែលត្រូវបានចាត់តាំងដោយណាតូ បានបំពេញបេសកកម្មហ្វឹកហាត់ NEXUS ACE នៅក្នុងដែន អាកាសអន្តរជាតិលើសមុទ្រ Aegean” ។

ក្រសួងបានបន្ថែមថា យន្តហោះក្រិកបានព្យាយាមរារាំងបេសកកម្មដែលត្រូវបាន “បញ្ចប់ដោយជោគជ័យ” បន្ទាប់ពីយន្តហោះតួកគីបានឆ្លើយតប។

ទំនាក់ទំនងរវាងប្រទេសតួកគី និងក្រិក ដែលជាសម្ព័ន្ធមិត្ត របស់អង្គការណាតូ មានការទាស់ទែងគ្នាជាយូរ មកហើយលើបញ្ហាជាច្រើន រួមទាំងបញ្ហាជនជាតិភាគតិច និងអន្តោប្រវេសន៍ខុសច្បាប់ និងជម្លោះដែនសមុទ្រ និងថាមពលនៅសមុទ្រ Aegean និងសមុទ្រមេឌីទែរ៉ាណេ។

ដើម្បីស្វែងរកដំណោះស្រាយការទូត ចំពោះបញ្ហាបែបនេះ ប្រទេសទាំងពីរបានចាប់ផ្តើមកិច្ចពិភាក្សាពិគ្រោះយោបល់ របស់ពួកគេឡើងវិញនៅឆ្នាំ២០២១ បន្ទាប់ពីបានសម្រាករយៈពេល ៥ឆ្នាំ ប៉ុន្តែការសម្របសម្រួលត្រូវបានជាប់គាំង ដោយសារតែភាពតានតឹង នាពេលថ្មីៗនេះរវាងភាគីទាំងពីរ៕

To Top