សេអ៊ូល ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានធ្វើ “ការសាកល្បងដំណាក់កាល ចុងក្រោយដ៏សំខាន់” សម្រាប់ការអភិវឌ្ឍ ផ្កាយរណប ឈ្លបយកការណ៍ មួយថ្ងៃបន្ទាប់ពីប្រទេសនេះ បានបាញ់បង្ហោះមីស៊ីល ផ្លោងចំនួនពីរគ្រាប់ ទៅកាន់សមុទ្រជប៉ុន ។
រដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិ របស់ប្រទេសកូរ៉េខាងជើងបានឲ្យដឹងថា ខ្លួននឹងបញ្ចប់ការរៀបចំសម្រាប់ ផ្កាយរណបឈ្លបយកការណ៍យោធាដំបូង របស់ខ្លួននៅខែមេសា ឆ្នាំ២០២៣ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េផ្លូវការ។
KCNA រាយការណ៍ថា ទីភ្នាក់ងារ អវកាសកូរ៉េខាងជើងបានឲ្យដឹងថា ការសាកល្បងកាលពីថ្ងៃអាទិត្យគឺជា “ជោគជ័យ” ហើយបានបញ្ជាក់ពីធាតុសំខាន់ៗ ដូចជា ដំណើរការទិន្នន័យ និងសមត្ថភាពបញ្ជូនឧបករណ៍ទំនាក់ទំនង ក៏ដូចជាការតាមដាន និងត្រួតពិនិត្យភាពត្រឹមត្រូវ នៃប្រព័ន្ធគ្រប់គ្រងនៅលើដី។
ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មីស៊ីលទាំងពីរគ្រា បើបានហោះបានចម្ងាយ ៥០០គីឡូម៉ែត្រ ដោយឈានដល់កម្ពស់អតិបរមា ៥៥០ គីឡូម៉ែត្រ មុនពេលទាំងពីរបានធ្លាក់នៅខាងក្រៅតំបន់ សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ ក្រសួងបានបញ្ជាក់ថា មិនមានរបាយការណ៍ខូចខាតយន្តហោះ ឬកប៉ាល់នោះទេ ។
ការបាញ់បង្ហោះចុងក្រោយនេះបានកើតឡើង បន្ទាប់ពីប្រទេសជប៉ុន បានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួននឹងទទួលបាន “សមត្ថភាពប្រឆាំង” នៅក្នុងឯកសារការពារចំនួន៣ ដែលបានកែសម្រួល ។ នៅក្នុងឯកសារមួយក្នុងចំណោមឯកសារទាំងបី សកម្មភាពយោធា របស់ទីក្រុងព្យុងយ៉ាង ត្រូវបានពិពណ៌នាថាជា “ការគំរាមកំហែង ដែលជិតមកដល់” ៕