ព័ត៌មានអន្តរជាតិ

FAO៖ ស្រីល័ង្កាប្រមាណ៦,២លាននាក់ កំពុងប្រឈមមុខនឹងអសន្តិសុខស្បៀង

កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ថា យោងតាមអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ ហៅកាត់ (FAO)បានឲ្យដឹងថា ប្រជាជនស្រីល័ង្កាប្រហែល៦,២លាននាក់កំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងកម្រិតមធ្យម ។

អង្គការ FAO បានឲ្យដឹងនៅក្នុងទិដ្ឋភាពទូទៅនៃការឆ្លើយតបរបស់ខ្លួនពីខែមិថុនាដល់ខែធ្នូឆ្នាំ២០២២ ដែលបានចេញផ្សាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃចន្ទនេះថា ៤គ្រួសារក្នុងចំណោម១០គ្រួសារជួបប្រទះនឹងការថយចុះនៃប្រាក់ចំណូលរបស់ពួកគេ ហើយគ្រួសារ១ក្នុងចំណោមគ្រួសារទាំង២នាពេលបច្ចុប្បន្នកំពុងពឹងផ្អែកលើយន្តការដោះស្រាយអវិជ្ជមានដើម្បីទប់ទល់នឹង ភាពខ្វះអាហារ ឬលុយទិញអាហារ ។

យោងតាមអង្គការ FAO ប្រជាជនស្រីល័ង្កាចំនួន៤០ភាគរយពឹងផ្អែកលើវិស័យកសិកម្មសម្រាប់ជីវភាពរស់នៅរបស់ពួកគេ ហើយតម្លៃផលិតកម្មស្រូវបានកើនឡើងលើសពី១០០ភាគរយក្នុងឆ្នាំ២០២២ ។

អង្គការ FAO បានឲ្យដឹងថា ការផ្គត់ផ្គង់ស្បៀងអាហារនៅក្នុងទីផ្សារក្នុងស្រុកកំពុងធ្លាក់ចុះ ហើយឱកាសនៃការគាំទ្រដល់កសិករស្រីល័ង្កា និងសហគមន៍របស់ពួកគេមានពេលវេលាចង្អៀត ។

អង្គការ FAO បានឲ្យដឹងថា ខ្លួនបានរៃអង្គាសប្រាក់ចំនួន៥១,១៧លានដុល្លារអាមេរិក សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ និងទប់ទល់នឹងត្រូវបានអនុវត្តក្នុងកំឡុងឆ្នាំ២០២២ដល់២០២៣ ។

អង្គការ FAO បានឲ្យដឹងទៀតថា អតិផរណាស្បៀងអាហារនៅក្នុងប្រទេសកំពុងកើនឡើង ដោយឈានដល់៩០ភាគរយនៅក្នុងខែកក្កដា ឆ្នាំ២០២២ ៕

To Top