ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន មិនរំពឹងថា នឹងមានកិច្ចចរចាសន្តិភាពភ្លាមៗ ជុំវិញជម្លោះនៅអ៊ុយក្រែននោះទេ

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា លោកមិនរំពឹងថា នឹងមានកិច្ចពិភាក្សាសន្តិភាព ប្រកបដោយប្រសិទ្ធភាពលើ ជម្លោះក្នុងប្រទេសអ៊ុយក្រែន “នៅពេលអនាគតភ្លាមៗនោះទេ”។

លោកបានលើកឡើងថា “ខ្ញុំមិនមានសុទិដ្ឋិនិយមអំពីលទ្ធភាព នៃការចរចាសន្តិភាពប្រកបដោយ ប្រសិទ្ធភាពនៅពេលអនាគតភ្លាមៗនោះទេ។ ខ្ញុំជឿថាការប្រឈមមុខដាក់គ្នា ខាងយោធានឹងបន្ត ហើយខ្ញុំគិតថា យើងនឹងនៅតែរង់ចាំ ដែលការចរចាដ៏ជាក់លាក់ ដើម្បីសន្តិភាពនឹងវាអាចទៅរួច”។

លោកបន្ដថា ហើយនោះហើយជាមូលហេតុ ដែលអង្គការសហប្រជាជាតិ កំពុងផ្តោតលើកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនលើទិដ្ឋភាពផ្សេងទៀត ដូចជាការបង្កើនប្រសិទ្ធភាព និងការពង្រីកគំនិតផ្តួចផ្តើម គ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលអនុញ្ញាតឱ្យនាំចេញ គ្រាប់ធញ្ញជាតិអ៊ុយក្រែន និងផលិតផលកសិកម្មផ្សេងទៀត ពីកំពង់ផែសមុទ្រខ្មៅ។

លោកបានបន្ថែមថា “យើងចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពន្លឿនការផ្លាស់ប្តូរ អ្នកទោសសង្គ្រាម និងជាពិសេសនៅពេលដែលយើង ខិតជិតដល់បុណ្យណូអែល ហើយភាគីទាំងពីរ នៃជម្លោះ ប្រារព្ធពិធីបុណ្យណូអែលក្នុងខែមករា។ ខ្ញុំគិតថានេះនឹងក្លាយជាអ្វីដែលសំខាន់” ។

លោកបានបន្ថែមទៀតថា “ដូច្នេះ យើងនឹងបន្តព្យាយាមធ្វើឱ្យមានប្រយោជន៍ ដោយផ្តល់នូវវេទិកានៃការ សន្ទនាសម្រាប់ទិដ្ឋភាពទាំងនេះ ដើម្បីកាត់បន្ថយការឈឺចាប់ ប៉ុន្តែយើងមិនមានការបំភាន់ថា ការចរចាសន្តិភាពពិតប្រាកដនឹង អាចធ្វើទៅបាននាពេលអនាគតភ្លាមៗនោះទេ”។

លោក Guterres បានព្រមានប្រឆាំងនឹងការកើនឡើង បន្ថែមទៀតនៃជម្លោះនៅអ៊ុយក្រែន។ ការអត្ថាធិប្បាយលើរបាយការណ៍ នៃការវាយលុកថ្មីរបស់រុស្ស៊ី ដែលអាចកើតមាននៅអ៊ុយក្រែន លោកបានលើកឡើងថា មានការពិភាក្សាគ្រប់គ្រាន់អំពីការកើនឡើង។

លោកបានបញ្ជាក់ទៀតថា “យើងបានឃើញការកើនឡើងដ៏ធំ រួចទៅហើយជាមួយនឹងការទម្លាក់គ្រាប់បែក យ៉ាងខ្លាំងនៃហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ដែលជាការពិតណាស់ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅ របស់ប្រជាជនអ៊ុយក្រែននៅពេលនេះ ដូច្នេះយើងមិនត្រូវការ និយាយបន្ថែមទៀតទេ អំពីការកើនឡើងនៃជម្លោះ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top