អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ទំនងជានឹងបោះឆ្នោតនៅថ្ងៃពុធ លើសេចក្តីព្រាងដំណោះស្រាយទាមទារ ឱ្យបញ្ចប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងជំរុញឱ្យរបបយោធារបស់ខ្លួន ដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងមេដឹកនាំដែលត្រូវបាន បណ្តេញចេញពីតំណែង លោកស្រី អ៊ុងសាន ស៊ូជី ផងដែរ ។
គេបានដឹងថា ប្រទេសមីយ៉ាន់ម៉ា មានវិបត្តិចាប់តាំងពីកងទ័ពបានឡើងកាន់អំណាច ពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈឆ្នាំមុន ដោយបានឃុំខ្លួនលោកស្រី និងមន្ត្រីផ្សេងទៀត និងឆ្លើយតបទៅនឹងការតវ៉ា គាំទ្រលទ្ធិប្រជាធិបតេយ្យ និងការប្រឆាំងដោយកម្លាំង ដ៍សាហាវឃោឃៅ ។
ក្រុមប្រឹក្សាដែលមានសមាជិកចំនួន១៥ ត្រូវបានបំបែកជាយូរយារមកហើយ លើប្រទេសមីយ៉ាន់ម៉ា ដោយមានអ្នកការទូតលើកឡើងថា ចិន និងរុស្ស៊ី ទំនងជានឹងការពាររបបយោធា ពីសកម្មភាពដ៏ខ្លាំងក្លានេះ ។ រហូតមកដល់ពេលនេះ ខ្លួនទើបតែបានយល់ព្រមលើសេចក្តីថ្លែងការណ៍ ផ្លូវការស្តីពីមីយ៉ាន់ម៉ា ដែលកងទ័ពក៏បានដឹកនាំការបង្ក្រាប ឆ្នាំ២០១៧ លើជនមូស្លីមរ៉ូហ៊ីងយ៉ា ដោយបង្ខំឱ្យមនុស្សជាង ៧០០.០០០នាក់ ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេស ។
ការចរចាលើដំណោះស្រាយ ដែលព្រាងដោយអង់គ្លេស បានចាប់ផ្តើមនៅក្នុងខែកញ្ញា ។ អត្ថបទដំបូងដែលមើលឃើញ ដោយទីភ្នាក់ងារព័ត៌មាន Reuters បានជំរុញឱ្យមានការបញ្ចប់ភ្លាមៗ ចំពោះការផ្ទេរអាវុធទៅប្រទេសមីយ៉ាន់ម៉ា និងបានគំរាមកំហែងទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ប៉ុន្តែភាសានោះត្រូវបានដក ចេញតាំងពីពេលនោះមក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា