គៀវ៖ ប្រភពបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី កំពុងរៀបចំធ្វើទស្សនកិច្ច នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធនេះ ក្នុងដំណើរដែលគេស្គាល់ ជាលើកដំបូងនៅក្រៅ ប្រទេសចាប់តាំងពីការឈ្លានពាន របស់រុស្ស៊ីបានចាប់ផ្តើម នៅក្នុងខែកុម្ភៈ។
ប្រភពបានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក ហ្សេឡិនស្គី ខណៈពេលដែលមានការរំពឹងទុក នៅតែអាចត្រូវបានបិទនៅនាទីចុងក្រោយ ដោយសារតែការ ព្រួយបារម្ភអំពីសុវត្ថិភាព។
ដំណើរទស្សនកិច្ចទៅក្រុងវ៉ាស៊ីនតោន គ្រោងនឹងបញ្ចូលសុន្ទរកថា ទៅកាន់សភានៅវិមាន Capitol Hill និងជំនួបជាមួយលោកប្រធានាធិបតី ចូ បៃដិនមផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
សមាជិកសភាគ្រោងនឹងបោះឆ្នោត លើកញ្ចប់ចំណាយចុងឆ្នាំ ដែលរួមមានប្រហែល ៤៥ ពាន់លានដុល្លារជាជំនួយសង្គ្រោះបន្ទាន់ដល់អ៊ុយក្រែន ខណៈដែលប្រទេសនេះ កំពុងតស៊ូប្រយុទ្ធជា មួយទាហានរុស្ស៊ី។
សហរដ្ឋអាមេរិក ក៏កំពុងរៀបចំបញ្ជូនប្រព័ន្ធ បាញ់កាំជ្រួចពីដីទៅអាកាស Patriot ទៅកាន់ប្រទេសនេះផងដែរ ខណៈរុស្ស៊ីបើកការវាយប្រហារ ដោយយន្តហោះដ្រូនបន្ថែមទៀតលើទីក្រុងគៀវ ខណៈលោក វ្ល៉ាឌីមៀ ពូទីន បំពេញទស្សនកិច្ចនៅប្រទេសបេឡារុស្ស។
ជំនួយចុងក្រោយបំផុត នឹងក្លាយជាការផ្តល់មូលនិធិដ៏ធំបំផុត របស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន លើសពីសំណើសង្គ្រោះបន្ទាន់ចំនួន ៣៧ ពាន់លានដុល្លាររបស់លោក បៃដិន ហើយនឹងធានាថា ហិរញ្ញវត្ថុហូរចូលដល់កិច្ច ខិតខំប្រឹងប្រែងសង្រ្គាម សម្រាប់ខែខាងមុខ។
ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានលើកទឹកចិត្តសមាជិកសភា ឱ្យមានវត្តមានសម្រាប់សម័យប្រជុំនៅល្ងាចថ្ងៃពុធនេះ។ លោកស្រី Pelosi បានឲ្យដឹង កាលពីថ្ងៃអង្គារ នៅក្នុងលិខិតមួយផ្ញើទៅកាន់សហសេវិកថា “យើងកំពុងបញ្ចប់សម័យប្រជុំពិសេស នៃសមាជលើកទី១១៧ ជាមួយនឹងច្បាប់ ដែលធ្វើឱ្យមានការរីកចម្រើន សម្រាប់ប្រជាជនអាមេរិក ក៏ដូចជាការគាំទ្រ សម្រាប់លទ្ធិប្រជាធិបតេយ្យរបស់យើង” ៕