ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ ចូលនិវត្តន៍រុស្ស៊ីថា លោកប្រធានាធិបតី Putin បានធ្វើដំណើរទៅតំបន់ប្រតិបត្តិការ យោធាពិសេស របស់រុស្ស៊ីនៅអ៊ុយក្រែន

បរទេស ៖ វិមានក្រឹមឡាំង បានអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍ របស់លោក Andrey Gurulev ដែលជាឧត្តមសេនីយ ចូលនិវត្តន៍ និងជាសមាជិកសភា ដែលហាក់ដូចជាបង្ហាញ កាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានទៅទស្សនកិច្ចនៅតំបន់នៃ “ប្រតិបត្តិការយោធាពិសេស” របស់រុស្ស៊ីនៅអ៊ុយក្រែន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Gurulev បានអះអាងថា លោក Vladimir Putin “បាននិយាយផ្ទាល់ ជាមួយមេបញ្ជាការនីមួយៗ” ដែលចូលរួមក្នុងយុទ្ធនាការនេះ ខណៈដែលធ្វើដំណើរទៅទីស្នាក់ការ កណ្តាលកងទ័ព។ លោកហាក់ដូចជាជឿថា ទីតាំងនេះមានទីតាំង នៅក្នុងអតីតទឹកដីអ៊ុយក្រែន ។

ឧត្តមសេនីយ៍ចូលនិវត្តន៍ បាននិយាយដោយបន្ថែមថា នៅពេលនិយាយអំពីដំណើរ ទស្សនកិច្ចទៅកាន់តំបន់ប្រតិបត្តិការ យោធាពិសេស វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែល [ប្រធានាធិបតី] មិនត្រឹមតែទទួលបានរបាយការណ៍អំពីស្ថានភាពនោះទេ ប៉ុន្តែថែមទាំងបាននិយាយ ជាមួយមេបញ្ជាការគ្រប់ រូបដោយផ្ទាល់ ។ ការទំនាក់ទំនងផ្តល់នូវការយល់ដឹង ពេញលេញអំពីអ្វីដែលកំពុងកើតឡើងនៅពេលនេះ និងអ្វីដែលនឹងកើតឡើង នាពេលអនាគត ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់កាសែត Rossiyskaya Gazeta កាលពីថ្ងៃអង្គារថា “ប្រសិនបើលោក Gurulev ចង់មានន័យថា ទីស្នាក់ការកណ្តាល ជាកន្លែងដែលលោក Putin បានធ្វើដំណើរទៅនៅថ្ងៃសុក្រ នោះគឺពិតមែន”៕

ប្រែសម្រួលៈ ណៃ តុលា

To Top