កាលពីថ្ងៃទី ២១ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិននិងលោក David Hurley អគ្គទេសាភិបាលអូស្ត្រាលី ព្រមនិងលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានផ្ញើសារលិខិតគ្នាទៅវិញទៅមក ដើម្បីអបអរសាទរខួបទី ៥០ នៃការបង្កើតទំនាក់ទំនងផ្លូវទូត រវាងប្រទេសទាំងពីរ ។
នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសចិននិងអូស្ត្រាលី បានធ្វើកិច្ចសន្ទនាការទូតនិងយុទ្ធសាស្ត្រ រវាងចិននិងអូស្ត្រាលីជុំទី ៦ នៅទីក្រុងប៉េកាំង ហើយបានឈានដល់គំនិតឯកភាពរួមជាច្រើន អំពីការកែលម្អទំនាក់ទំនងទ្វេភាគី ។ ភាគីទាំងពីរឯកភាពគ្នាថា ទំនាក់ទំនងរវាងចិននិងអូស្ត្រាលី គួរតែអនុលោមតាមទិសដៅ នៃទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ឈរលើមូលដ្ឋាននេះ ភាគីទាំងពីរគួរតែគោរពគ្នាទៅវិញទៅមក សមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ក៏ដូចជាគ្រប់គ្រងការខ្វែងគំនិតគ្នា ។
នេះគឺជាកិច្ចខិតខំប្រឹងប្រែងថ្មីបំផុតរបស់ចិន និងអូស្ត្រាលី សម្រាប់កែលម្អនិងអភិវឌ្ឍទំនាក់ទំនង រវាងប្រទេសទាំងពីរ ។ កាលពីខែវិច្ឆិកា ឆ្នាំនេះ លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារ ជាមួយលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីដែលបានចង្អុលបង្ហាញពីទិសដៅ នៃការកែលម្អទំនាក់ទំនងទ្វេភាគី ។ ដោយឡែកលើកនេះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានបំពេញទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពីរំលងអស់រយៈពេលជាង ៣ ឆ្នាំ ហើយប្រទេសចិននិងអូស្ត្រាលី បានដំណើរការយន្តការសន្ទនា ផែ្នកការទូតនិងយុទ្ធសាស្ត្រឡើងវិញ ដែលបានផ្អាកអស់រយៈពេលជាង ៤ ឆ្នាំមកហើយ ។
នេះគឺជាជំហានដ៏សំខាន់សម្រាប់អនុវត្ត គំនិតឯកភាពរួមនៃកិច្ចជំនួបនៅកោះបាលី រវាងមេដឹកនាំនៃប្រទេសទាំងពីរ ។
សូមបញ្ជាក់ថា ចិននិងអូស្ត្រាលី សុទ្ធតែជាប្រទេសដ៏សំខាន់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ កាលពីឆ្នាំ ១៩៧២ ចិននិងអូស្ត្រាលី បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ។ កាលពីឆ្នាំ ២០១៤ បានលើកកម្ពស់ទំនាក់ទំនង រវាងចិននិងអូស្ត្រាលី ឱ្យក្លាយជាទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។ កាលពីឆ្នាំ ២០១៥ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងអូស្ត្រាលី បានចូលជាធរមាន និងចាប់ផ្តើមអនុវត្តជាផ្លូវការ ។
ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុត របស់អូស្ត្រាលី និស្សិតបន្តការសិក្សារបស់ចិន គឺជាក្រុមនិស្សិតដែលបន្តការសិក្សា នៅអូស្ត្រាលីដ៏ធំបំផុត ហើយប្រទេសចិនគឺជាប្រភពភ្ញៀវទេសចរណ៍ ដ៏ធំបំផុតរបស់អូស្ត្រាលី មុនពេលផ្ទុះការរីករាលដាល នៃជំងឺកូវីដ ១៩ ។ល។ ប្រការទាំងនេះបានបង្ហាញឱ្យឃើញ យ៉ាងពេញលេញនូវភាពស្អិតល្មួត នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអូស្ត្រាលី ។
យ៉ាងណាមិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងបរិបទដែលអាមេរិក បាននិងកំពុងពន្លឿនការប្រកួតប្រជែង រវាងប្រទេសមហាអំណាច អ្នកនយោបាយមួយចំនួនរបស់អូស្ត្រាលី បានធ្វើតាមសហរដ្ឋអាមេរិក ដើម្បីគាបសង្កត់ប្រទេសចិន ។ ការគិតមិនបានវែងឆ្ងាយខាងយុទ្ធសាស្ត្រ និងទង្វើខុសឆ្គងរបស់អ្នកនយោបាយទាំងនេះ បានបណ្តាលឱ្យទំនាក់ទំនងរវាងចិន និងអូស្ត្រាលី ធ្លាក់ក្នុងសភាពជាប់គាំង ដែលមិនធ្លាប់មានពីមុនមក។
គួរបញ្ជាក់ដែរថា ប្រទេសចិននិងអូស្ត្រាលី គ្មានជម្លោះក្នុងប្រវត្តិសាស្ត្រនោះទេ ហើយដើមឡើយក៏គ្មានការប៉ះទង្គិច ពាក់ព័ន្ធដល់ផលប្រយោជន៍ ជាមូលដ្ឋាននោះដែរ ។ មិនថា ស្ថានការណ៍អន្តរជាតិ បានប្រែប្រួលយ៉ាងណាក៏ដោយ ឱ្យតែប្រកាន់ខ្ជាប់គោលបំណងដើម នោះ នាវាយក្សនៃទំនាក់ទំនងរវាងចិន និងអូស្ត្រាលី ក៏មិនវង្វេងផ្លូវនោះឡើយ ។ ភាគីអូស្ត្រាលីបានលើកឡើងថា រដ្ឋាភិបាលថ្មីប្រកាន់ខ្ជាប់ នូវគោលនយោបាយចិនតែមួយ ក៏ដូចជាមិនពង្រីកព្រមទាំងគ្រប់គ្រង ឱ្យបានល្អនូវការខ្វែងគំនិត រវាងប្រទេសទាំងពីរ ។
នាពេលបច្ចុប្បន្ននេះ ពិភពលោកកំពុងស្ថិតក្នុងរយៈកាល រង្គោះរង្គើនិងមានការផ្លាស់ប្តូរថ្មី ។ ប្រទេសមួយចំនួន បាននិងកំពុងបង្កការប៉ះទង្គិច ក៏ដូចជាញុះញង់ឱ្យបង្កការបដិបក្ខគ្នា ជាក្រុមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានបង្កជាការគំរាមកំហែង ដ៏ធ្ងន់ធ្ងរដល់សន្តិភាព និងការអភិវឌ្ឍនៃអាស៊ីប៉ាស៊ីហ្វិក ។ រំពឹងថា ភាគីអូស្ត្រាលីនឹងប្រកាន់ឥរិយាបថ ដែលមានវិចារណញ្ញាណ ខាងយុទ្ធសាស្ត្រ តែមិនមែនបោះបង់ចោល ផលប្រយោជន៍របស់ខ្លួន ដើម្បីក្លាយជាកូនអុក របស់ប្រទេសដទៃទៀត ។
បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងអូស្ត្រាលី នៅតែប្រឈមនឹងការសាកល្បងជាច្រើនដដែល ។
ទំនាក់ទំនងរវាងចិននិងអូស្ត្រាលី ដែលប្រកបដោយស្ថិរភាព និងភាពរឹងមាំមិនត្រឹមតែសមស្រប នឹងផលប្រយោជន៍ជាមូលដ្ឋាន របស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផល ដល់ការជំរុញសន្តិភាព ស្ថិរភាពនិងវិបុលភាព ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាពិភពលោកផងដែរ៕