ព័ត៌មានអន្តរជាតិ

ក្រុងសេអ៊ូលថា ក្រុមចោរអ៊ិនធ័រណិតកូរ៉េខាងជើង លួចលុយបានជាង ១ពាន់លានដុល្លារ

បរទេស ៖ ភ្នាក់ងារចារកម្មកំពូល របស់ប្រទេសកូរ៉េខាងត្បូង បានអះអាងថា ពួក Hacker កូរ៉េខាងជើងបានចូលលួចលុយរូបិយប័ណ្ណគ្រីបតូចំនួន ១,៥ ពាន់ពាន់លានវ៉ុន (១,២ ពាន់លានដុល្លារ) និង ទ្រព្យសម្បត្តិនិម្មិតផ្សេងទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងការគាំទ្រស្តុក រូបិយប័ណ្ណបរទេស របស់ទីក្រុងព្យុងយ៉ាង ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង (NIS) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការលួចបានកើតឡើងក្នុងរយៈពេល ៥ ឆ្នាំ ហើយបានបង្កើន ល្បឿននៅឆ្នាំនេះ ដោយទ្រព្យសម្បត្តិ ប្រហែលពាក់កណ្តាល ត្រូវបានលួច នៅឆ្នាំ ២០២២ ។ មូលនិធិដែលត្រូវបានលួចត្រូវបានគេរាយការណ៍ថា យកទៅជួយគាំទ្រ ដល់សេដ្ឋកិច្ច របស់ប្រទេសកូរ៉េខាងជើង និងផ្តល់មូលនិធិដល់កម្មវិធីអាវុធ នុយក្លេអ៊ែររបស់ប្រទេសនេះ ចំពេលមានការរាតត្បាតនៃជំងឺ Covid-19 និងការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ របស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង។

ការលួចចូលតាមប្រព័ន្ធ អ៊ិនធ័រណិតនេះ ត្រូវបានគេចោទប្រកាន់ថា បានចាប់ផ្តើមនៅចំពេល ដែលទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងកូរ៉េខាងជើង ត្រូវបានរឹតបន្តឹងក្នុងឆ្នាំ ២០១៧ ដែលបានកាត់ផ្តាច់ សម្រាប់ការនាំចេញសំខាន់ៗពីប្រទេសនេះ។ ភ្នាក់ងារចារកម្មរបស់ទីក្រុង សេអ៊ូលបាននិយាយថា ពួក Hacker កូរ៉េខាងជើងគឺស្ថិតក្នុងចំណោមអ្នកខ្លាំងបំផុត នៅលើពិភពលោក ក្នុងការលួចលុយឌីជីថល ដោយសារតែប្រទេសរបស់ពួកគេ បានផ្តោតលើឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ជាប្រភពចំណូលដ៏សំខាន់៕

To Top