តូក្យូ ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹង នៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះនូវអ្វីដែលហាក់ដូចជាកាំជ្រួច មីស៊ីលផ្លោង ដែលរដ្ឋាភិបាលជប៉ុន បានឲ្យដឹងនៅក្នុងអ្វី ដែលអាចជាការសាកល្បង អាវុធចុងក្រោយបំផុត ដែលកំពុងតែបង្កើន ភាពតានតឹងក្នុងតំបន់។
យោងតាមប្រភពពីរដ្ឋាភិបាលបានឱ្យដឹងថា កាំជ្រួចមីស៊ីលនេះ ត្រូវបានគេជឿថា បានធ្លាក់ក្នុងដែនទឹក នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសជប៉ុន ដោយគ្មានការខូចខាតរូបវ័ន្តពីវា ឬកម្ទេចកម្ទី របស់វាត្រូវបានបញ្ជាក់ឡើយ មកទល់ពេលនេះ។
យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនបានរកឃើញកាំជ្រួចផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ដែលត្រូវបានបាញ់ចេញពី Sunan ក្នុងតំបន់ Pyongyang នៅម៉ោងប្រហែល ៤ និង ៣០នាទី រសៀលនេះ។
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Toshiro Ino បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសជប៉ុនបានធ្វើការតវ៉ាជាមួយកូរ៉េខាងជើង តាមរយៈស្ថានទូតរបស់ខ្លួននៅទីក្រុងប៉េកាំង។
ការបាញ់បង្ហោះចុងក្រោយនេះ បានកើតឡើងបន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងចំនួនពីរគ្រាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុន កាលពីថ្ងៃអាទិត្យ ដែលបានធ្លាក់នៅខាងក្រៅតំបន់ EEZ របស់ប្រទេសជប៉ុនផងដែរ ។
ក្រុងព្យុងយ៉ាងបានសាកល្បងកាំជ្រួច មីស៊ីលផ្លោងដែលបានបាញ់សាកល្បង រួមទាំងកាំជ្រួចមីស៊ីលអន្តរទ្វីបក្នុងល្បឿន មិនធ្លាប់មានក្នុងឆ្នាំនេះដើម្បីផ្គើននឹងដំណោះស្រាយរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិកន្លងមក ។
កាលពីថ្ងៃអង្គារ ប្រទេសកូរ៉េខាងជើង បានថ្កោលទោសការពិនិត្យឡើងវិញ របស់ប្រទេសជប៉ុន កាលពីសប្តាហ៍មុន នៃគោលការណ៍ណែនាំគោលនយោបាយ សន្តិសុខរយៈពេលវែងរបស់ខ្លួន ដែលបានដាក់ចេញនូវចេតនា របស់ប្រទេសនេះក្នុងការទទួលបានសមត្ថភាព ក្នុងការវាយប្រហារមូលដ្ឋានសត្រូវ ហើយកូរ៉េខាងជើងបានប្តេជ្ញាថា នឹងចាត់វិធានការយោធាដោយម៉ឺងម៉ាត់ ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន៕