ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ការផ្គត់ផ្គង់សព្វាវុធ របស់លោកខាងលិច ដល់អ៊ុយក្រែន មិនជួយដោះស្រាយជម្លោះនោះទេ ប៉ុន្តែការអូសបន្លាយការឈឺចាប់ របស់ប្រជាជនអ៊ុយក្រែន ទៅវិញទេ។
លោក Peskov បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រសិនបើសហរដ្ឋអាមេរិកផ្តល់ប្រព័ន្ធមីស៊ីលពីដីទៅអាកាស Patriot ដល់អ៊ុយក្រែន ពួកគេនឹងក្លាយទៅជាគោលដៅស្របច្បាប់របស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី។
លោក Konstantin Kosachev អនុប្រធានសភាជាន់ខ្ពស់របស់រុស្ស៊ី ក្រុមប្រឹក្សាសហព័ន្ធបានឲ្យដឹងថា “រុស្ស៊ីចាត់ទុកការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីល Patriot ដល់អ៊ុយក្រែនថាជា “ជំហានសំខាន់មួយទៀតឆ្ពោះទៅរកការចូលរួមដោយផ្ទាល់របស់អាមេរិកក្នុងជម្លោះ”។
ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍នៅលើ Telegram ថារដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានត្រួតពិនិត្យកងកម្លាំងរុស្ស៊ីនៅក្នុងតំបន់នៃប្រតិបត្តិការយោធាពិសេស។
នៅក្នុងនោះដែរលោក Shoigu បានពិនិត្យលក្ខខណ្ឌ សម្រាប់ការដាក់ពង្រាយបុគ្គលិក និងឧបករណ៍យោធានៅទីតាំងដាក់ពង្រាយបណ្តោះអាសន្ន ហើយទទួលបានរបាយការណ៍ពីមេបញ្ជាការអង្គភាព៕
ប្រែសម្រួល ឈូក បូរ៉ា