ព័ត៌មានអន្តរជាតិ

ចិន ស្វាគមន៍សេចក្តីសម្រេច របស់ WTO ប្រឆាំងនឹងអាមេរិក ទាក់ទងនឹងស្លាកផលិតនៅហុងកុង

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ប្រទេសចិន ស្វាគមន៍ចំពោះ សេចក្តីសម្រេចដោយយុត្តិធម៌ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងតម្រូវការសម្គាល់ប្រភពដើម ដោយសហរដ្ឋអាមេរិក លើផលិតផលពីតំបន់ រដ្ឋបាលពិសេស ហុងកុង (HKSAR) ។

ការកត់សម្គាល់នេះបានធ្វើឡើង ក្នុងការឆ្លើយតបទៅនឹងសំណួរ ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹង សេចក្តីសម្រេចកាលពីថ្ងៃពុធ ដែលធ្វើឡើងដោយក្រុមវិវាទ WTO ដែលថាតម្រូវការសម្គាល់ប្រភពដើម ដែលដាក់ដោយសហរដ្ឋអាមេរិក លើផលិតផលហុងកុង គឺមិនស្របតាមច្បាប់របស់ WTO ។

ក្រសួងបានឲ្យដឹងថា ប្រទេសចិនសង្ឃឹមថា ភាគីអាមេរិក អាចគោរពសេចក្តីសម្រេចរបស់ WTO កែតម្រូវកំហុសដោយចាត់វិធានការជាក់ស្តែង និងការពារប្រព័ន្ធពាណិជ្ជកម្ម ពហុភាគីដែលមានមូលដ្ឋាន លើច្បាប់ និងសណ្តាប់ធ្នាប់ពាណិជ្ជកម្មធម្មតា។

អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានសម្រេចថា សហរដ្ឋអាមេរិក កំពុងបំពានច្បាប់ពាណិជ្ជកម្មអន្តរជាតិ ដោយតម្រូវឱ្យផលិតផលហុងកុង ត្រូវបានដាក់ស្លាកថា “ផលិតក្នុងប្រទេសចិន”។

ក្រុមប្រឹក្សាវិវាទ WTO បានឲ្យដឹងថា តម្រូវការសម្គាល់ប្រភពដើម របស់សហរដ្ឋអាមេរិក បានរំលោភលើកាតព្វកិច្ចរបស់ប្រទេសក្រោមច្បាប់ របស់ស្ថាប័នពាណិជ្ជកម្ម ដោយបានច្រានចោលការអះអាង របស់ទីក្រុងវ៉ាស៊ីនតោន ដែលថាផលប្រយោជន៍សន្តិសុខជាតិ របស់ខ្លួន អនុញ្ញាតសម្រាប់ការដាក់ស្លាកបែបនេះ។

ក្រុមប្រឹក្សានេះបានឲ្យដឹងថា វាមិនបង្កើតជា “ភាពអាសន្នក្នុងទំនាក់ទំនងអន្តរជាតិ” ហើយថាច្បាប់ដាក់ស្លាករបស់សហរដ្ឋអាមេរិក រើសអើងប្រឆាំងនឹងផលិតផល ដែលផលិតនៅហុងកុង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ សហរដ្ឋអាមេរិកបានទាមទារ ប្រភពដើម នៃផលិតផលហុងកុង ដែលនាំចេញទៅសហរដ្ឋអាមេរិក គួរតែត្រូវបានដាក់ស្លាកថា “ផលិតក្នុងប្រទេសចិន” ។  បច្ចុប្បន្ននេះប្រភពដើមនៃផលិតផល នាំចេញហុងកុង ត្រូវបានសម្គាល់ថា “ហុងកុង” ដោយសារហុងកុង ជាសមាជិកដាច់ដោយឡែកនៃ WTO និងទទួលបានឋានៈពិសេស ជាទឹកដីគយដាច់ដោយឡែកក្រោម “ប្រទេសមួយ ប្រព័ន្ធពីរ” ។

រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានស្វាគមន៍ ចំពោះសេចក្តីសម្រេចនេះ។ លោក Algernon Yau លេខាធិការទទួលបន្ទុកពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច បានឲ្យដឹងថា សេចក្តីសម្រេចនេះបានបញ្ជាក់ជាថ្មីម្តងទៀតថា សហរដ្ឋអាមេរិកបានមិនគោរពច្បាប់ពាណិជ្ជកម្មអន្តរជាតិ ប៉ុនប៉ងដាក់លក្ខខណ្ឌរើសអើង និងអយុត្តិធម៌ជាឯកតោភាគី គាបសង្កត់ផលិតផល និងសហគ្រាសហុងកុងដោយមិនសមហេតុផល និងបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មនយោបាយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top