បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ថា លោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្ត្រីថៃឡង់ដ៏ នឹងស្វែងរកអាណត្តិមួយទៀត នៅក្នុងការបោះឆ្នោតសកលមួយ ដែលនឹងត្រូវធ្វើឡើង នៅក្នុងព្រះរាជាណាចក្រ មុនខែឧសភា ឆ្នាំក្រោយ ។ នេះបើតាមការប្រកាស របស់លោកដោយបានប្រាប់ដល់ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃសុក្រនេះ ។
គេបានដឹងថា លោក ប្រាយុទ្ធ បានឡើងកាន់អំណាចដែលជាមេទ័ព នៅក្នុងរដ្ឋប្រហារឆ្នាំ២០១៤ មុនពេលឡើងកាន់តំណែង របស់លោកនៅក្នុងការបោះឆ្នោតឆ្នាំ២០១៩ ដ៏ចម្រូងចម្រាស ប៉ុន្តែប្រជាប្រិយភាព របស់លោកបានស្ថិតក្នុង ភាពស្រពិចស្រពិល ។
លោកបានប្រាប់ដល់អ្នកសារព័ត៌មាន នៅខាងក្រៅវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកកថា គណបក្ស បង្រួបបង្រួមជាតិថៃ ដែលទើបបង្កើតថ្មី “បានផ្តល់ការគាំទ្រ ដល់ខ្ញុំក្នុងការក្លាយ ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តទៀត នៅក្នុងការបោះឆ្នោតនាពេលខាងមុខ” ។
លោក ប្រាយុទ្ធ បានថ្លែងថា “ខ្ញុំនឹងបញ្ជាក់ឱ្យច្បាស់នៅថ្ងៃនេះ … ដែលខ្ញុំបានសម្រេចចិត្តថា ខ្ញុំនឹងចូលរួមក្នុងតំណែងនេះ”៕