បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងស្វែងរកជំនួយពីប្រទេសចិន ក្នុងការបញ្ចុះបញ្ចូលប្រទេសកូរ៉េខាងជើង ឱ្យអង្គុយចុះសម្រាប់កិច្ចពិភាក្សា បន្ទាប់ពីការធ្វើតេស្តមីស៊ីល របស់ទីក្រុងព្យុងយ៉ាង បានធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើងនោះ ។
លោក Blinken ដែលមានគម្រោងទៅបំពេញទស្សនកិច្ច នៅទីក្រុងប៉េកាំង នៅដើមឆ្នាំ២០២៣ ក្នុងដំណើរលើកដំបូងរបស់អ្នកការទូតកំពូល របស់សហរដ្ឋអាមេរិកក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ បានថ្លែងថា លោកនឹងពិភាក្សាជាមួយប្រទេសចិនពីរបៀប “ព្យាយាមបញ្ចុះបញ្ចូលកូរ៉េខាងជើង ឱ្យផ្លាស់ទីក្នុងទិសដៅមួយផ្សេងទៀត” ។
លោក Blinken បានប្រាប់ដល់សន្និសីទសារព័ត៌មានថា “យើងបាននិយាយយ៉ាងច្បាស់ហើយ វានៅតែជាករណីដែលយើងបើកចំហ ចំពោះការទូតដោយគ្មានលក្ខខណ្ឌជាមុន ។ យើងនៅតែប្តេជ្ញាចិត្តក្នុងការមើលឃើញ ការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ” ។
លោកបានថ្លែងដូច្នេះថា “ថ្ងៃនេះកូរ៉េខាងជើង មិនបានចូលរួមដោយឈរលើមូលដ្ឋាននោះទេ ប៉ុន្តែវានៅតែជាលទ្ធភាពមួយ ហើយខ្ញុំគិតថា ប្រទេសចិន អាចដើរតួនាទីក្នុងការជួយផ្លាស់ទីអ្វីៗក្នុងទិសដៅនោះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា