ព័ត៌មានអន្តរជាតិ

លោក ពូទីនថា រុស្ស៊ី​គ្មាន​ជម្រើស​ផ្សេង​ ក្រៅ​ពី​ការពារ​ផលប្រយោជន៍ និង​ប្រជាជន

បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា សកម្មភាពរបស់រុស្ស៊ី ទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន គឺសំដៅការពារផលប្រយោជន៍ របស់ប្រទេស និងប្រជាជនរបស់ខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ពូទីន ប្រាប់​ប៉ុស្តិ៍ព័ត៌មាន Rossyia 1 នៅថ្ងៃ​អាទិត្យ “ខ្ញុំ​ជឿ​ជាក់​ថា​ យើង​កំពុង​ធ្វើ​ដំណើរ​ទៅ​ក្នុង​ទិសដៅ​ត្រឹម​ត្រូវ។ យើង​ការពារ​ផលប្រយោជន៍​ជាតិ ផលប្រយោជន៍​ប្រជាពលរដ្ឋ​យើង​។ យើង​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ការ​ការពារ​ពលរដ្ឋ​របស់​យើង​នោះ​ទេ”។

មេដឹកនាំរុស្ស៊ីរូបនេះបានរំលឹកថា ទីក្រុងមូស្គូបានព្យាយាមស្វែងរកដំណោះស្រាយការទូតចំពោះវិបត្តិនៅអ៊ុយក្រែនតាំងពីឆ្នាំ ២០១៤មកម្លេះ ប៉ុន្តែរដ្ឋាភិបាលទីក្រុងគៀវដែលដឹកនាំដោយលោកខាងលិច គ្មានឆន្ទៈក្នុងការចរចា។

លោកពូទីនបានសង្កត់ធ្ងន់ថា ទន្ទឹមនឹងនេះដែរ ទីក្រុងមូស្គូមានអាទិភាពផ្សេងគ្នា ដោយសារគោលដៅរបស់ខ្លួនគឺ “ការរួបរួមប្រជាជនរុស្ស៊ី” ។ ប្រធានាធិបតីរុស្ស៊ីបាននិយាយថា រុស្ស៊ីនៅតែចង់ពិភាក្សាអំពី “ដំណោះស្រាយដែលអាចទទួលយកបាន” ជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះនៅអ៊ុយក្រែន ដោយលោក​បាន​បន្ថែម​ថា​ «​មិនមែន​យើង​ដែល​បដិសេធ​ការ​ចរចា​ទេ ប៉ុន្តែ​គឺជាពួកគេ​»​៕

ប្រែសម្រួលៈ ណៃ តុលា

To Top