ព័ត៌មានអន្តរជាតិ

ចិន​សាទរ​ទំនាក់ទំនង​ «​ដែកថែប»​ ជាមួយ​រុស្ស៊ី​

បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយនៅថ្ងៃអាទិត្យថា ទំនាក់ទំនងរវាងចិន និងរុស្ស៊ីគឺ “រឹងមាំ” ហើយរាល់ការប៉ុនប៉ងខាងក្រៅ ដើម្បីសាបព្រួសភាពមិនចុះសម្រុង រវាងប្រទេសជិតខាង គឺនឹងក្លាយទៅជាឥតប្រយោជន៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Wang បាននិយាយក្នុងអំឡុងពេលសុន្ទរកថា នៅឯសន្និសីទស្តីពីស្ថានភាពអន្តរជាតិ និងទំនាក់ទំនងការបរទេស របស់ប្រទេសចិនថា ភាពជាដៃគូយុទ្ធសាស្ត្ររវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូបានក្លាយទៅជា “មានភាពចាស់ទុំ និងរឹងមាំជាងមុន” ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ លោក​បាន​បន្ថែម​ថា​ «​ចិន និង​រុស្ស៊ី​បាន​គាំទ្រ​គ្នា​យ៉ាង​ម៉ឺងម៉ាត់​ ក្នុង​ការ​រក្សា​ផលប្រយោជន៍​ស្នូល​រៀងៗ​ខ្លួន​»​ក្នុងអំឡុងពេល​នេះ។

អាមេរិក​បាន​បរាជ័យ​ ក្នុង​ការ​បញ្ចុះបញ្ចូល​ចិន ​ឱ្យ​ចូលរួម​ដាក់ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​នឹង ​រុស្ស៊ី​ជុំវិញ​ជម្លោះ​នៅ​អ៊ុយក្រែន។ ទីក្រុងប៉េកាំងបានអំពាវនាវឱ្យមានសន្តិភាព ប៉ុន្តែបានបញ្ឈប់ការថ្កោលទោស ទៅលើទីក្រុងមូស្គូ សម្រាប់ការចាប់ផ្តើមប្រតិបត្តិការ យោធារបស់ខ្លួន និងបានស្តីបន្ទោសវិបត្តិលើសកម្មភាព របស់លោកខាងលិច រួមទាំងការពង្រីកទៅភាគខាងកើត របស់អង្គការណាតូផងដែរ ។

យោងតាមរដ្ឋមន្ត្រីការបរទេស គឺថា ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងរុស្ស៊ីកំពុងឈានដល់គោលដៅ ២០០ពាន់លានដុល្លារក្នុង “ល្បឿនកាន់តែលឿន”។ ទំហំនៃអាជីវកម្មដែលធ្វើឡើង រវាងប្រទេសជិតខាងទាំងពីរ ជារូបិយប័ណ្ណជាតិក៏ត្រូវបានពង្រីកផងដែរ ។ វឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក៏ត្រូវបានសម្រេចនៅក្នុងការតភ្ជាប់ ឆ្លងកាត់ព្រំដែនជាមួយនឹងការបើកផ្លូវ និងស្ពានផ្លូវដែកថ្មីនៅឆ្នាំ ២០២២ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top