ព័ត៌មានអន្តរជាតិ

ចិន ហៅអាមេរិកថា ជាពិរុទ្ធជនដែលបង្កភាព ចលាចលក្នុងតំបន់ និងជាអ្នកគំរាមកំហែង ដោយផ្ទាល់ចំពោះពិភពលោក

បរទេស៖ ក្រសួងការពារជាតិចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍បន្ទាប់ពីប្រធានាធិបតី Joe Biden បានចុះហត្ថលេខាលើវិធានអនុញ្ញាត ការពារជាតិរបស់សហរដ្ឋអាមេរិកឆ្នាំ ២០២៣ ទៅជាច្បាប់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មានចេតនាបំភាន់ពី “ការគំរាមកំហែងរបស់ចិន” ជាលេសដើម្បីបង្កើនការចំណាយ ផ្នែកយោធារបស់ខ្លួន ទាំងអស់នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាភាពលេចធ្លោជាសកលរបស់ខ្លួន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Tan Kefei បាននិយាយថា “ការពិតបានបង្ហាញច្រើនជាងម្តងថា សហរដ្ឋអាមេរិកគឺជាការគំរាមកំហែង ដោយផ្ទាល់ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ និងជាពិរុទ្ធជនដែលបង្កភាព ចលាចលក្នុងតំបន់” ។

សេចក្តីថ្លែងការណ៍បានបន្តអះអាងថា ក្នុងការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន សហរដ្ឋអាមេរិកក្នុងឱកាសជាច្រើនបាន “ធ្វើសង្គ្រាមប្រឆាំងប្រទេសផ្សេងទៀត ឬបង្កើតជម្លោះ បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន និងការផ្លាស់ទីលំនៅ របស់ជនស៊ីវិលស្លូតត្រង់”។

សូមជម្រាបថា ថវិកាយោធាអាមេរិកចំនួន ៨៥៨ ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២៣ ដែលបានអនុញ្ញាត ១០ពាន់លានដុល្លារជាជំនួយផ្នែកសន្តិសុខ និងការទិញសព្វាវុធលឿន សម្រាប់កោះតៃវ៉ាន់ គឺជាទង្វើមួយផ្សេងទៀតនៅក្នុង សកម្មភាពបង្កហេតុដែលបំផ្លាញ យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ និងបង្កើនហានិភ័យ​នៃ​ ការ​ប្រឈម​មុខ​ដាក់​គ្នា​ខាង​យោធា​រវាង​ចិន និង​អាមេរិក» ៕

ប្រែសម្រួលៈ ណៃ តុលា

To Top