រ៉ាម៉ាឡា ៖ មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនបានឲ្យដឹងថា រដ្ឋាភិបាលអ៊ីស្រាអែលថ្មី ដែលបង្កើតឡើងដោយនាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាពេលថ្មីៗនេះកំពុងជំនួសសន្តិភាព និងដំណោះស្រាយរដ្ឋពីរដោយការបញ្ចូលការ តាំងទីលំនៅថ្មីក្នុងទឹកដីរបស់ខ្លួន ។
លោក Ahmad Majdalani សមាជិកនៃគណៈកម្មាធិការប្រតិបត្តិអង្គការរំដោះប៉ាឡេស្ទីន បានប្រាប់ “សំឡេងប៉ាឡេស្ទីន” ថា ដំណើរការសន្តិភាព និងជម្រើសនៃដំណោះស្រាយរដ្ឋទាំងពីរ “លែងស្ថិតក្នុងរបៀបវារៈ របស់រដ្ឋាភិបាលអ៊ីស្រាអែលថ្មី ទៀតហើយ” ។
លោកបានបន្ថែមថា រដ្ឋាភិបាលស្តាំនិយមជ្រុល «បានជំនួសទាំងដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ា និងដំណោះស្រាយរដ្ឋពីរ ដើម្បីដោះស្រាយអ៊ីស្រាអែល និងប៉ាឡេស្ទីនជាមួយនឹងការបញ្ចូល ការតាំងទីលំនៅ និងការបោសសម្អាតជនជាតិភាគតិច”។
កាលពីថ្ងៃសុក្រ លោក ណេតាន់យ៉ាហ៊ូ ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុត របស់អ៊ីស្រាអែល បានប្រកាសថា លោកបានទទួលជោគជ័យ ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយគណបក្សរឹងរូស និងជ្រុលនិយមមួយចំនួនទៀត ។
លោក Majdalani បានបន្ដថា “កិច្ចព្រមព្រៀងចម្រុះ ដែលសម្រេចបានរវាងលោក ណេតាន់យ៉ាហ៊ូ និងមេដឹកនាំនៃគណបក្សស្តាំនិយមអ៊ីស្រាអែល គឺជាបដិវត្តន៍ជាមូលដ្ឋាន និងសំខាន់នៅក្នុងធម្មជាតិ នៃអភិបាលកិច្ច និងនយោបាយ” ។
គួរបញ្ជាក់ថា លោក ណេតាន់យ៉ាហ៊ូ និងប្លុកស្តាំនិយមរបស់លោកបានឈ្នះសំឡេង ភាគច្រើននៅក្នុងការបោះឆ្នោតសភាខែវិច្ឆិកា ដែលបានកើតឡើងបន្ទាប់ពីការបោះឆ្នោត មិនពេញលេញជិត ៤ឆ្នាំ ៕
ប្រែសម្រួល ឈូក បូរ៉ា