ព័ត៌មានអន្តរជាតិ

ក្តៅៗ! តុលាការមីយ៉ាន់ម៉ា នឹងបើកសវនាការក្នុងការ ចោទប្រកាន់លោកស្រី អ៊ុងសាន ស៊ូជី ក្រោយពីក្រុមប្រឹក្សា UN អំពាវនាវឲ្យមានការដោះលែង

រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ថា នៅថ្ងៃចន្ទនេះ តុលាការរបបយោធាមីយ៉ាន់ម៉ា ត្រូវបានគេរំពឹងថា នឹងបើកសវនាការបិទទឡ្ហីករណ៍ សម្រាប់ការចោទប្រកាន់ចុងក្រោយ ដែលនៅសេសសល់ប្រឆាំងនឹង មេដឹកនាំលទ្ធិប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី ដែលជាប់ពន្ធនាគារ ក្រោយពីក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យមានការដោះលែង លោកស្រីឲ្យមានសេរីភាពឡើងវិញ ។

គួរបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី បានជាប់ពន្ធនាគារចាប់តាំងពី យោធាបានផ្តួលរំលំរដ្ឋាភិបាល លោកស្រីក្នុងខែកុម្ភៈ ឆ្នាំ២០២១ ដោយបញ្ចប់រយៈពេលខ្លីនៃ លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ ។

ម្ចាស់ជ័យលាភីណូបែលដែលមានវ័យ ៧៧ឆ្នាំ ត្រូវបានគេរកឃើញថា មានពិរុទ្ធលើការចោទប្រកាន់ចំនួន ១៤រាប់បញ្ចូលទាំងអំពើពុករលួយ រហូតដល់ការនាំចូលវត្ថុធាតុ ដោយខុសច្បាប់ និងការរំលោភលើទង្វើសម្ងាត់ផ្លូវការ ។

ក្រុមសិទ្ធិមនុស្សបានថ្កោលទោស ទៅលើការកាត់ក្តីនេះថា ជាការក្លែងបន្លំ ហើយកាលពីថ្ងៃពុធ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យរបបយោធា ធ្វើការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងដំណោះស្រាយលើកដំបូង ដែលមិនធ្លាប់មានរបស់ខ្លួនស្តីពីស្ថានភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារ ។

សេចក្តីសម្រេចនេះបានកត់សម្គាល់ ពេលមួយនៃការរួបរួមរបស់ក្រុមប្រឹក្សា បន្ទាប់ពីសមាជិកអចិន្ត្រៃយ៍ និងសម្ព័ន្ធមិត្តយោធាជិតស្និទ្ធចិន និងរុស្ស៊ី បានបោះឆ្នោតអនុប្បវាទ ដោយជ្រើសរើសមិនប្រើសិទ្ធិវេតូបន្ទាប់ពី ធ្វើវិសោធនកម្មពាក្យពេចន៍នោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top