ព័ត៌មានអន្តរជាតិ

Update៖ យោធាកូរ៉េខាងត្បូង បញ្ជាក់ថា ខ្លួនបើកការវាយលុកដោយយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ ក្រោយយន្តហោះគ្មានមនុស្សបើក របស់កូរ៉េខាងជើង ហោះរំលោភលើដែនអាកាសរបស់ខ្លួន

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ថា យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា ខ្លួនបានបើកការវាយលុក ដោយយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រវាយប្រហារ ហើយបានបាញ់ព្រមាននៅថ្ងៃចន្ទនេះ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក របស់កូរ៉េខាងជើង បានហោះរំលោភលើដែនអាកាសរបស់ខ្លួន ។

កូរ៉េខាងត្បូង បានតាមដានយន្តហោះគ្មានមនុស្សបើក ឆ្លងកាត់ពីប្រទេសកូរ៉េខាងជើង លើអ្វីដែលត្រូវបានគេស្គាល់ថា ជាខ្សែបន្ទាត់ព្រំដែន យោធារវាងប្រទេសទាំង២ បន្ទាប់ពីបានរកឃើញពួកវា នៅលើមេឃនៃទីក្រុង Gimpo ភាគខាងលិចនៅម៉ោងប្រហែល ១០និង២៥នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៩និង២៥នាទី ម៉ោងនៅប្រទេសសិង្ហបុរី ។

យន្តហោះគ្មានមនុស្សបើកនេះ គឺជាយន្តហោះដំបូងគេ ដែលត្រូវបានបញ្ជាក់ថា បានមកពីប្រទេសជិតខាង ដាច់ស្រយាលចាប់តាំងពីឆ្នាំ២០១៧ នៅគ្រាដែលយន្តហោះគ្មាន មនុស្សបើករបស់កូរ៉េខាងជើង ដែលគេជឿថា កំពុងបំពេញបេសកកម្មចារកម្មបានធ្លាក់ ហើយត្រូវបានរកឃើញនៅលើភ្នំក្បែរព្រំដែន ។

គួររំលឹកថា នៅក្នុងឆ្នាំ២០១៤ យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង ក៏ត្រូវបានរកឃើញនៅលើ កោះព្រំដែនកូរ៉េខាងត្បូងផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top