បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា សកម្មភាពរបស់រុស្ស៊ីទាក់ទងនឹង ជម្លោះនៅអ៊ុយក្រែន គឺសំដៅការពារផលប្រយោជន៍របស់ប្រទេស និងប្រជាជនរបស់ខ្លួន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក ពូទីន ប្រាប់ប៉ុស្តិ៍ព័ត៌មាន Rossyia 1 នៅថ្ងៃអាទិត្យ “ខ្ញុំជឿជាក់ថា យើងកំពុងធ្វើដំណើរទៅក្នុងទិសដៅត្រឹមត្រូវ។ យើងការពារផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋយើង។ យើងគ្មានជម្រើសអ្វីផ្សេងក្រៅពី ការការពារពលរដ្ឋរបស់យើងនោះទេ”។
មេដឹកនាំរុស្ស៊ីរូបនេះបានរំលឹកថា ទីក្រុងមូស្គូបានព្យាយាមស្វែងរក ដំណោះស្រាយការទូតចំពោះ វិបត្តិនៅអ៊ុយក្រែនតាំងពីឆ្នាំ ២០១៤មកម្លេះ ប៉ុន្តែរដ្ឋាភិបាលទីក្រុងគៀវដែលដឹកនាំ ដោយលោកខាងលិច គ្មានឆន្ទៈក្នុងការចរចា។
លោកពូទីនបានសង្កត់ធ្ងន់ថា ទន្ទឹមនឹងនេះដែរ ទីក្រុងមូស្គូមានអាទិភាពផ្សេងគ្នា ដោយសារគោលដៅរបស់ខ្លួនគឺ “ការរួបរួមប្រជាជនរុស្ស៊ី” ។ ប្រធានាធិបតីរុស្ស៊ីបាននិយាយថា រុស្ស៊ីនៅតែចង់ពិភាក្សាអំពី “ដំណោះស្រាយដែលអាចទទួលយកបាន” ជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះនៅអ៊ុយក្រែន ដោយលោកបានបន្ថែមថា «មិនមែនយើងដែលបដិសេធការចរចាទេ ប៉ុន្តែគឺជាពួកគេ» ៕
ប្រែសម្រួលៈ ណៃ តុលា