ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ហេតុអ្វីបានជាប្រទេសចិន ទើបសម្រេចចិត្ត លុបចោលវិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹង ?

ដូចដែលយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថា ជំងឺកូវីដ-១៩ បានរាតត្បាតនៅទូទាំងពិភពលោក អស់រយៈពេលជិត ៣ ឆ្នាំមកហើយ ។ ក្នុងរយៈពេលជិត៣ ឆ្នាំកន្លងទៅនេះ ជំងឺនេះត្រូវបានចាត់ទុកថា ជាជំងឺរាតត្បាតសកល ដែលគិតមកទល់បច្ចុប្បន្ន បានឆក់យកអាយុជីវិត របស់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ព្រមទាំងបង្កផលប៉ះពាល់យ៉ាងខ្លាំង ខាងសេដ្ឋកិច្ចនិងជីវភាពរស់នៅ ។

ចាប់តាំងពីជំងឺកូវីដ-១៩បានផ្ទុះរាលដាលខ្លាំងមក ប្រទេសចិន បានចាត់វិធានការ បង្ការនិងគ្រប់គ្រងដ៏តឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់ការឆ្លង រាលដាលចេញទៅបរទេស និងករណីឆ្លង ដែលនាំចូលពីបរទេស វិធានការទាំងនេះបានការពារសុវត្ថិភាព អាយុជីវិតនិងសុខភាពរបស់ប្រជាជនចិន និងជនបរទេសដែលស្នាក់នៅប្រទេសចិន អស់រយៈពេលជិត ៣ ឆ្នាំកន្លងមក ។

យ៉ាងណាមិញ ចាប់ពីចូលឆ្នាំ ២០២២ នេះមក ប្រទេសនានាលើពិភពលោក បានលុបចោលវិធានការតឹងរ៉ឹង សម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ដោយផ្អែក តាមសភាពការណ៍ ជាក់ស្តែងនៃប្រទេសរៀងៗខ្លួន ។ ប៉ុន្តែក្នុងនោះ គេសង្កេតឃើញថា ប្រទេសចិននៅតែមានវិធានការ គ្រប់គ្រងតឹងរ៉ឹង ជាងបណ្តាប្រទេសនានា ។

ហេតុអ្វីបាន ជាប្រទេសចិន មានវិធានការគ្រប់គ្រងជំងឺឆ្លងតឹងរ៉ឹងជាងបណ្តាប្រទេសនានា ? ជាបឋម យើងមក មើលពីសភាពការណ៍ ជាក់ស្តែង របស់ប្រទេសចិន ។ ប្រទេសចិនមានចំនួនប្រជាជន ១.៤០០ លាននាក់ ដែលជាចំនួនប្រជាជនច្រើន ជាងគេបង្អស់លើពិភពលោក ។ ស្របនឹងការវិវឌ្ឍរីកចម្រើន នៃប្រទេសជាតិ លក្ខខណ្ឌជីវភាពរស់នៅ និងសុខាភិបាលជាដើមត្រូវបានធ្វើឱ្យប្រសើរឡើង ជាបន្តបន្ទាប់ អាស្រ័យហេតុនេះ អាយុកាលគិតជាមធ្យម របស់ប្រជាជន ក៏កាន់តែកើនឡើង ដែលនាំឱ្យសង្គមចិន មានមនុស្សវ័យជរាច្រើន ។ ដោយសារកតា្តសុខភាព ដូចជាមនុស្សវ័យជរាច្រើន តែមានជំងឺ ប្រចាំកាយជាដើម ដូច្នេះប្រសិនបើឆ្លងជំងឺកូវីដ-១៩ នោះភាគច្រើននឹងមានអាការៈធ្ងន់ ដែលសឹងតែអាចប៉ះពាល់ ដល់អាយុជីវិតទៀតផង ។

លើសពីនេះ កាល ពីពេលកន្លងទៅ អត្រាចាក់វ៉ាក់សាំង នៅមិនទាន់អាចបង្កើតបានជា «របាំងភាពស៊ាំ» ក្នុងសង្គម ដែលសមល្មម នឹងការលុបចោល វិធានការបង្ការ និងគ្រប់គ្រងជំងឺឆ្លងដោយ តឹងរ៉ឹងនោះឡើយ ។ ម៉្យាងទៀត បទពិសោធនៃករណីឆ្លងរាលដាលដ៏ឆាប់រហ័សនៃជំងឺកូវីដ-១៩នៅក្រុងវូហាន កាលពីគ្រាដំបូងជាមេរៀនជាក់ស្តែង ដែលមិនអនុញ្ញាតឱ្យធ្វេសប្រហែល ក្នុងការបង្ការនិងគ្រប់គ្រង ជំងឺឆ្លងជាដាច់ខាត ។

ទីពីរ យើងមកមើលពីដំណើរវិវត្តន៍ នៃវីរុសកូវីដ-១៩ ។ ចាប់តាំងពីជំងឺកូវីដ-១៩ បានផ្ទុះរាលដាលជាសកលមក វីរុសនេះបានបំប្លែងខ្លួនជាបន្តបន្ទាប់ ដែលនាំមកនូវភាពលំបាក និងភាពស្មុគស្មាញ ក្នុងការបង្ការនិងព្យាបាល ។ មិនថាឱសថព្យាបាលឬក៏វ៉ាក់សាំងក្តី សុទ្ធតែអាចនឹងបាត់បង់ ប្រសិទ្ធភាពខ្លះៗ នៅពេលប្រឈមនឹងវីរុស បំប្លែងថ្មី ។ អាស្រ័យហេតុនេះ វិធានការបង្ការ និងគ្រប់គ្រងជំងឺឆ្លងត្រូវមើល តាមសភាពការណ៍នៃដំណើរវិវត្តន៍ ជាក់ស្តែងរបស់ជំងឺឆ្លង ។

អ្វីដែលគួរឱ្យកត់សម្គាល់ នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ នេះ ប្រទេសចិនបានដាក់ចេញវិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩«១០ខ»ថ្មី ដែលជាវិធានការ«បន្ធូរដៃ»បំផុតចាប់តាំងពីការផ្ទុះរាលដាលជំងឺកូវីដ-១៩ នៅប្រទេសចិនមក ឬអាចនិយាយបានថា វាជាវិធានការគ្រប់គ្រងជំងឺឆ្លងធម្មតា ។ ចុះហេតុអ្វីបានជាប្រទេសចិន ទើបសម្រេចចិត្តដាក់ចេញវិធានការ«បន្ធូរដៃ»បែបនេះ ?

ជាបឋម តាម រយៈការសិក្សា តាមវិទ្យាសាស្ត្រ យ៉ាងហ្មត់ចត់បំផុត ឃើញថា ប្រភេទជំងឺកូវីដ-១៩បំប្លែងថ្មី ដែលកំពុងឆ្លងរាលដាល នៅប្រទេសចិន បច្ចុប្បន្នលែងបង្ក ជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត របស់ប្រជាពលរដ្ឋទៀត ហើយ ពោលគឺករណីឆ្លងជាង ៩០% សុទ្ធតែជាករណីគ្មាន រោគសញ្ញាឬមានអាការៈស្រាល ដែលមិនបាច់ព្យាបាល ឬគ្រាន់តែប្រើឱសថតែ ៥-៦ថ្ងៃនឹងអាចជាសះស្បើយបាន ។

ទីពីរគឺពេលវេលាសមស្រប ។ បច្ចុប្បន្ន អត្រាចាក់វ៉ាក់សាំង នៅទូទាំងប្រទេសចិនមានចំនួនជាង ៣.៤០០ លានដូស ដែលបានក្លាយជាខែល ការពារសុខភាពប្រជាជន ។ ម៉្យាងវិញទៀត សមត្ថភាព ឆ្លើយតប នឹងជំងឺកូវីដ-១៩ក៏មានភាពចាស់ទុំច្រើន ឯការព្យាបាលក៏ប្រកប ដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព ដូចនេះវាជាខណៈ សមស្របសម្រាប់ការ«បន្ធូរដៃ» ។

អ្វីដែលគួរកត់ កម្គាល់ ក្រោយពេល«បន្ធូរដៃ»ចំពោះវិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ មិនបានប៉ុន្មានថ្ងៃផង ករណីឆ្លងនៅទូទៅ ប្រទេសចិនក៏ បានហក់ឡើងយ៉ាងខ្លាំង ដែលសុទ្ធសឹងតែជាករណី គ្មានរោគសញ្ញា ឬមានអាការៈស្រាល ឯការផ្គត់ផ្គង់ឱសថព្យាបាល ក៏ផ្តើមមានសម្ពាធជាងមុនច្រើន ។ ត្រង់នេះយើងអាចគិតប្រមើលថា ចុះបើក្នុងករណី ដែលវីរុសកូវីដ-១៩ នៅតែបង្កឱ្យមានជំងឺធ្ងន់ សឹងតែមានគ្រោះថ្នាក់ ដល់អាយុជីវិត ហើយរដ្ឋាភិបាល មិនចាត់វិធានការ តឹងរ៉ឹងដើម្បីបង្ការ និងគ្រប់គ្រងជំងឺឆ្លងទេនោះ តើនឹងមានប្រជាជនប៉ុន្មាន នាក់ដែលត្រូវបាត់បង់ជីវិត ដោយសារជំងឺឆ្លង ? អាស្រ័យហេតុនេះ ការអនុលោមតាមសភាពការណ៍វិវត្តន៍ជាក់ស្តែង នៃជំងឺឆ្លង ហើយដាក់ចេញវិធានការរស់រវើកផ្អែកតាមការសិក្សាតាមវិទ្យាសាស្ត្រ ទើបអាចការពារសុវត្ថិភាព អាយុជីវិតនិងសុខភាពរបស់ប្រជាជន ដោយទាន់ពេលវេលាបាន ។
រឿងពិតជាក់ស្តែងបានសបង្ហាញថា កម្មវត្ថុនៃវិធានការបង្ការ និង គ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិន ដែល«តម្កល់ទុកអាយុជីវិត ប្រជាជនជាស្នូល តម្កល់ទុកសុខភាព ប្រជាជនជាចម្បង»បានការពារអាយុជីវិត និងសុខភាពរបស់ប្រជាជនចិន និងជនបរទេសដែលស្នាក់នៅប្រទេសចិន អស់រយៈពេល ៣ ឆ្នាំមកហើយ ។ យើងក៏សង្កេតឃើញដែរថា ចាប់ពីការបិទខ្ទប់ទីក្រុងដែលមានករណីឆ្លងច្រើន ដល់ការបិទខ្ទប់សហគមន៍រស់នៅ ដែលមានករណីឆ្លង រហូតដល់ការលុបចោល វិធានការបិទខ្ទប់ , ចាប់ពីការធ្វើចត្តាឡីស័កនៅកន្លែងប្រមូលផ្តុំធ្វើចត្តាឡីស័ក ដល់ការអនុញាតឱ្យធ្វើចត្តាឡីស័កនៅផ្ទះ រហូតដល់ការលុប ចោលវិធានការធ្វើចត្តាឡីស័ក , ចាប់ពីការធ្វើតេស្តកូវីដមួយថ្ងៃម្តង ដល់ការធ្វើតេស្ត ៣ ថ្ងៃម្តង រហូតដល់ការលុបចោលការធ្វើតេស្ត ។ល។ វិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លង របស់ចិនបានកែសម្រួលទៅ តាមសភាពជាក់ស្តែងនិងចំគោលដៅ ។

អ្វីដែលគួរបញ្ជាក់គឺ ចាប់ពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ តទៅ ប្រទេសចិននឹងកែសម្រួលកម្រិតបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ ពីថ្នាក់ A មកថ្នាក់ B ដែលមានន័យថា ជំងឺកូវីដ-១៩ លែងជាជំងឺរាតត្បាតដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាជនទៀតហើយ ហើយការប្រាស្រ័យទាក់ទង រវាងប្រជាជនចិននិងបណ្តាប្រទេសនានា ក៏នឹងវិលទៅរកប្រក្រតីភាព ដូចមុនពេលផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ជាបណ្តើរៗផងដែរ ។

៣ ឆ្នាំកន្លងមកនេះ ពិភពលោកបានរួមសាមគ្គី គ្នាប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ដែលជាជំងឺរាតត្បាតសកល ហើយទទួលបានផ្លែផ្កាជាច្រើន ។ យើងអាចជឿជាក់បានថា ក្រោមកិច្ចខិតខំប្រឹង ប្រែងរួមរបស់បណ្តាប្រទេស លើសកលលោក នៅចុងបំផុត គំនិតផ្តួចផ្តើមរបស់ប្រទេសចិន ស្តីពីការរួមគ្នា បង្កើតសហគមន៍រួមសុខភាព របស់មនុស្សជាតិ មុខជាអាចសម្រេចបានជាក់ជាពុំខាន ៕ (អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top