គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ថា ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ កាលពីថ្ងៃចន្ទថា លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន បានលើកឡើងថា ក្រុងគៀវកំពុងពឹងផ្អែកលើការរៀបចំ កិច្ចប្រជុំកំពូលមួយ ដើម្បីពិភាក្សាអំពីផែនការ សន្តិភាពសម្រាប់អ៊ុយក្រែន នៅចុងខែកុម្ភៈ ។
លោក Kuleba បានលើកឡើងថា “អង្គការសហប្រជាជាតិ អាចជាវេទិកាដ៏ល្អបំផុតសម្រាប់រៀបចំកិច្ចប្រជុំកំពូលនេះ” ។
Kuleba បានបន្តថា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres អាចជាអ្នកសម្រុះសម្រួល ដែលអាចធ្វើទៅបាន សម្រាប់ការចរចាសន្តិភាព ។
លោក Kuleba បានលើកឡើងថា លោកជឿជាក់ថា រុស្ស៊ី មិនទាន់ត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពទេ ទោះបីជារដ្ឋមន្ត្រីបានចង្អុលបង្ហាញថា “រាល់សង្គ្រាមបានបញ្ចប់ដោយ សារសកម្មភាពដែលបានធ្វើឡើងនៅសមរភូមិ និងនៅតុចរចាក៏ដោយ” ។
ខណៈដែលធ្វើអត្ថាធិប្បាយ លើដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ទៅកាន់សហរដ្ឋអាមេរិក លោក Kuleba បានថ្លែងថា លោកពិតជា “ពេញចិត្ត” ចំពោះលទ្ធផលនេះ ។
គួរបញ្ជាក់ថា លោក Zelensky បានដាក់ចេញផែនការសន្តិភាព សម្រាប់ការបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន នៅឯកិច្ចប្រជុំកំពូលនៃក្រុម G20 នៅប្រទេសឥណ្ឌូនេស៊ីកាលពីខែមុន ៕