ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិអូទ្រីសថា អឺរ៉ុប ជៀសមិនផុតពីដាច់ភ្លើងឡើយ ក្នុងពេលវិបត្តិ ថាមពលកាន់តែធ្ងន់ធ្ងរ

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអូទ្រីសលោកស្រី Klaudia Tanner បានព្រមានកាលពីថ្ងៃអង្គារថា សហភាពអឺរ៉ុប មានឱកាសតិចតួចក្នុងការបញ្ឈប់ ការដាច់ចរន្តអគ្គិសនី ចំពេលវិបត្តិថាមពល កាន់តែធ្ងន់ធ្ងរឡើង ដោយជម្លោះអ៊ុយក្រែន ហើយគួរតែទប់ទល់ នឹងផលប៉ះពាល់ទាំងនេះ។

យោងតាមសារ ព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់កាសែតប្រចាំថ្ងៃ Die Welt លោកស្រីរដ្ឋមន្ត្រី បានវាយតម្លៃលទ្ធភាព នៃការដាច់ចរន្តអគ្គិសនី នៅក្នុងផ្នែកខ្លះនៃសហភាពអឺរ៉ុបថា គឺមាន “ខ្ពស់ណាស់” នាពេលខាងមុខ។ លោកស្រីបាននិយាយថា “ហានិភ័យនៃការដាច់ចរន្តអគ្គិសនី រីករាលដាលជាថ្មីម្តងទៀត បានកើនឡើងយ៉ាងខ្លាំងជាលទ្ធផល នៃសង្រ្គាមអ៊ុយក្រែន” ។

លោកស្រី Tanner ក៏បានអះអាងដោយមិនបានផ្តល់ភស្តុតាងថា សម្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin “ការវាយប្រហារដោយពួក Hacker” លើបណ្តាញ ថាមពលលោកខាងលិចគឺជាទម្រង់នៃ “សង្គ្រាមកូនកាត់”។ លោកស្រីថា “យើងមិនគួរធ្វើពុតថានេះគ្រាន់តែជាទ្រឹស្តីទេ។ យើងត្រូវតែត្រៀមខ្លួន សម្រាប់ការដាច់ភ្លើងនៅអូទ្រីស និងនៅអឺរ៉ុប»។

យោងតាមលោក Tanner យោធា របស់ប្រទេសអូទ្រីស ក៏ដូចជាសេវាកម្មរដ្ឋាភិបាលផ្សេងទៀត តែងតែធ្វើសមយុទ្ធដែលពាក់ព័ន្ធ។ ពួកគេក៏កំពុងបង្កើតការយល់ដឹង តាមរយៈយុទ្ធនាការចែកខិត្តប័ណ្ណតូចៗ នៅតាមទីសាធារណៈអំពីអ្វី ដែលគួរធ្វើក្នុងករណីដាច់ភ្លើង៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top