ម៉ានីល ៖ មន្ត្រីបានឲ្យដឹងនៅថ្ងៃពុធនេះថា នៅពេលដែលព្យុះ នៅតែបន្តវាយលុកប្រទេសហ្វីលីពីន ចំនួនមនុស្សស្លាប់ ក្នុងអំឡុងពេលទឹកជំនន់ ដែលបណ្តាល មកពីភ្លៀងធ្លាក់ខ្លាំង បានកើនឡើងដល់ ២៥នាក់ ខណៈមនុស្សរាប់ម៉ឺននាក់ទៀត ត្រូវជម្លៀសទៅកាន់ កន្លែងមានសុវត្ថិភាព។
ភ្លៀងកាន់តែច្រើនត្រូវបានគេរំពឹងថា នឹងធ្លាក់មកលើតំបន់ភាគខាងត្បូង និងកណ្តាល ដែលរងគ្រោះខ្លាំងបំផុតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
មនុស្សរាប់ម៉ឺននាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញ ពីផ្ទះរបស់ពួកគេ បន្ទាប់ពីភូមិ និងទីប្រជុំជនជនបទ ត្រូវបានលិចទឹកដោយផ្នែក ខណៈដែលផ្លូវមួយចំនួន ត្រូវបានគ្របដណ្តប់ទាំងស្រុង នៅថ្ងៃបុណ្យណូអែល នៅក្នុងប្រទេស ដែលភាគច្រើនជាកាតូលិក ។
ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិបាននិយាយថា មនុស្សប្រហែល ៤០ម៉ឺននាក់បានរងផលប៉ះពាល់ ខណៈដែលមនុស្ស ៩នាក់បានរងរបួស។
អ្នកព្យាករណ៍អាកាសធាតុរដ្ឋ បានឲ្យដឹងថា ភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ត្រូវបានគេរំពឹងថានៅទូទាំងតំបន់ភាគខាងត្បូង និងកណ្តាលរបស់ប្រទេស នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ដោយសារតែតំបន់ សម្ពាធទាប នៅឆ្នេរសមុទ្រ ដែលអាចវិវត្តទៅជាព្យុះត្រូពិច។
ការិយាល័យអាកាសធាតុ របស់ប្រទេសនេះបានឲ្យដឹងថា “ទឹកជំនន់ និងការរអិលបាក់ដី ដែលបណ្ដាលមកពីភ្លៀងទំនងជាកើតមាន ជាពិសេសនៅតំបន់ ដែលងាយរងគ្រោះខ្លាំង ឬងាយនឹងគ្រោះថ្នាក់ទាំងនេះ”៕