សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានបង្ហាញនូវគោលដៅថ្មីសម្រាប់យោធា របស់ប្រទេសសម្រាប់ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំ ដែលកំពុងបន្ត របស់គណបក្សកម្មករ ដែលកំពុងកាន់អំណាច ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ កាលពីថ្ងៃពុធនេះ ដោយបង្ហាញប្រាប់អំពីឆ្នាំ នៃការសាកល្បងអាវុធ និងភាពតានតឹង រយៈពេល១ឆ្នាំទៀត ។
សេចក្តីរាយការណ៍បានដាក់ថា នៅថ្ងៃទី២នៃកិច្ចប្រជុំពេញអង្គលើកទី៦ របស់គណៈកម្មាធិការមជ្ឈិមទី៨ របស់បក្ស លោក គីម បានពិនិត្យឡើងវិញនូវ “ស្ថានភាពប្រឈម ដែលបានបង្កើតថ្មី” នៅលើឧបទ្វីបកូរ៉េ និងទិដ្ឋភាពនយោបាយទូលំទូលាយ ។
មេដឹកនាំជំនាន់ទី៣ បានកំណត់ទិសដៅសម្រាប់ “ការតស៊ូប្រឆាំងសត្រូវ” និងគោលដៅសម្រាប់ការពង្រឹងអំណាចការពារ ។
ទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA បានផ្សាយថា “គាត់បានបញ្ជាក់ពីគោលការណ៍ នៃកិច្ចការបរទេស និងទិសដៅនៃការតស៊ូប្រឆាំងនឹងសត្រូវ ដែលគណបក្ស និងរដ្ឋាភិបាលរបស់យើង ត្រូវតែគោរពយ៉ាងម៉ត់ចត់ ដើម្បីការពារសិទ្ធិអធិបតេយ្យ និងការពារផលប្រយោជន៍ជាតិ” ។
“គោលដៅស្នូលថ្មី សម្រាប់ការពង្រឹង សមត្ថភាពការពារខ្លួន ដែលត្រូវបន្តឱ្យខ្លាំងនៅឆ្នាំ២០២៣ ត្រូវបានបង្ហាញ ក្នុងការរៀបចំសម្រាប់ ការប្រែប្រួលចម្រុះនៅក្នុង ស្ថានភាពនយោបាយ” ៕