ព័ត៌មានអន្តរជាតិ

យោធាកូរ៉េខាងត្បូង ចាប់ផ្តើមធ្វើសមយុទ្ធ ក្រោយការលុកលុយ ដោយយន្តហោះគ្មានមនុស្សបើក របស់កូរ៉េខាងជើង

បរទេស៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា យោធាកូរ៉េខាងត្បូងបានធ្វើសមយុទ្ធ ដើម្បីត្រៀមសម្រាប់សេណារីយ៉ូ ដែលអាចកើតមានជាមួយនឹង យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង ឆ្លងកាត់ព្រំដែន និងដើម្បីបង្កើនសមត្ថភាព ការពាររបស់ប្រទេស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា “ក្រោមសេណារីយ៉ូសម្មតិកម្មផ្សេងៗ នៃការជ្រៀតចូលរបស់យន្តហោះ គ្មានមនុស្សបើករបស់សត្រូវ សមយុទ្ធបានដំណើរការនីតិវិធី ដើម្បីស្វែងរក កំណត់អត្តសញ្ញាណ តាមដាន និងស្ទាក់ចាប់ពួកវា (ដ្រូន)” ។

សមយុទ្ធនេះត្រូវបានរៀបចំឡើង បន្ទាប់ពីយោធាបានបរាជ័យក្នុងការបាញ់ទម្លាក់ យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង ចំនួន៥គ្រឿង ដែលបានរំលោភលើដែនអាកាសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ។

កាល​ពី​ថ្ងៃ​ចន្ទ ក្រុម​យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​គេ​ជឿ​ថា​ ជា​កូរ៉េ​ខាង​ជើង​បាន​ឆ្លង​កាត់​ព្រំដែន​អន្តរកូរ៉េ។ កូរ៉េខាងត្បូង​បាន​ព្យាយាម​បាញ់​ទម្លាក់​ យន្តហោះ​គ្មាន​មនុស្ស​បើក​ទម្លាក់​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​ដើម្បី​ស្ទាក់​ចាប់​ពួកគេ​។ យន្តហោះមួយក្នុងចំនោមយន្តហោះ ដែលជាយន្តហោះវាយប្រហារធុនស្រាល KA-1 ត្រូវបានគេរាយការណ៍ថា បានធ្លាក់ក្នុងអំឡុងពេលហោះហើរ។

យន្តហោះគ្មានមនុស្សបើក របស់កូរ៉េខាងជើងតូចៗ ចំនួនបួនគ្រឿងបានហោះហើរនៅជិតកោះ Ganghwado ក្នុងប្រទេសកូរ៉េខាងត្បូង ហើយមួយទៀតបានហោះឡើង ទៅកាន់តំបន់ភាគខាងជើង នៃទីក្រុងប្រជុំជន រួមទាំងទីក្រុងសេអ៊ូលផងដែរ។ សារព័ត៌មាន យ៉ុនហាប់ បានផ្សាយថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿង បានត្រឡប់ទៅភាគខាងជើងវិញ ខណៈដែល ៤ គ្រឿងទៀតបានបាត់ពីរ៉ាដា៕ ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top